ខេត្តសៀមរាប នឹងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយឆ្នាំ២០២៣ នាចុងខែកញ្ញានេះ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក “ភូមិមួយផលិតផលមួយ”ឆ្នាំ២០២៣ រយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសួនព្រះរាជដំណាក់ក្រុងសៀមរាប ដើម្បីអបអរសាទរ  ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ និង ទិវាពិភពលោកស្អាតលើកទី៦។

តាមរយៈសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាបសហការជាមួយគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ រដ្ឋបាលក្រុងសៀមរាប មន្ទីរទេសចរណ៍ខេត្ត សហភាពសហព័ន្ធយុវជន កម្ពុជាខេត្តសៀមរាប មន្ទីរ-អង្គភាព ប្រតិបត្តិករវិស័យទេសចរណ៍ខេត្តសៀមរាប និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយ និងផលិតផលផ្សេងៗទៀត ដើម្បី អបអរសាទរ “ទិវាពិភពលោកស្អាតលើកទី៦” (The 6th World Cleanup Day) និងរៀបចំប្រារព្ធ ពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣។

លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តី និងជាម្ចាស់សហគ្រាសផលិតនំស្រួយលីលី បានថ្លែងថា ពិព័រណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយឆ្នាំ២០២៣ តែងប្រារព្វឡើងជាញឹកញាប់ នៅតាមបណ្តាខេត្តនានា ជាពិសេស​ខេត្តជាតំបន់គោលដៅទេសចរណ៍ ដែលមិនត្រឹមតែភ្ញៀវជាតិនោះទេដែលបានទិញផលិតផលខ្មែរ ភ្ញៀវបរទេសក៏មានការគាំទ្រច្រើនដែរ។

លោកស្រីបានបញ្ជាក់ថា  រាល់ពេលព្រឹត្តិការណ៍ពិព័រណ៍ភូមិមួយផលិតផលមួយ អាជីវករតែងតែរីករាយជានិច្ច ព្រោះជាពេលវេលា ដែលយើងអាចដាក់តាំងបង្ហាញផលិតផលរបស់យើងជូនដល់អតិថិជន។ អ្នកស្រីគិតថា ម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្ម ដែលផលិតនូវផលិតផលបរិភោគ ឬផលិតផលប្រើប្រាស់ដទៃទៀតនៅក្នុងស្រុក មិនគួរមើលរំលងពិព័រណ៍នេះនោះទេ គួរតែចូលរួមឱ្យបានច្រើនកុះករ»។

បើតាមសេចក្តីជូនដំណឹងដដែល ចំពោះការរៀបចំពិធី“ទិវាពិភពលោកស្អាតលើកទី៦ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសួនព្រះរាជដំណាក់ និងនៅតាមបណ្ដាសង្កាត់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ខណៈដែលទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” នឹងមានការរៀបចំក្បួនដង្ហែក្នុងក្រុងសៀមរាបដែរ៕

ដោយ៖ វណ្ណ សុជាតា

ads banner