ក្រសួងការបរទេសកម្ពុជា បញ្ជាក់ដំណើរទស្សនកិច្ចមួយថ្ងៃរបស់នាយករដ្ឋមន្ត្រីថៃ លើទឹកដីកម្ពុជា (Video Inside)
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជុំវិញដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន រយៈពេល១ថ្ងៃលើទឹកដីកម្ពុជា ជាមួយនឹងកិច្ចការសំខាន់យ៉ាងហោចបី ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ ត្រូវធ្វើជាមួយគ្នាក្នុងសប្តាហ៍នេះ។
លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នឹងបំពេញទស្សនកិច្ចក្នុងថ្ងៃទី២៨កញ្ញា ដែលដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
កិច្ចការសំខាន់ចំនួន៣ ដែលនាយករដ្ឋមន្ត្រីទាំង ២ប្រទេស នឹងត្រូវធ្វើជាមួយគ្នា ក្នុងថ្ងៃបំពេញទស្សនកិច្ចនោះ គឺរួមមាន «ជំនួបទ្វេភាគីក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី»។
ភាគីទាំង២ «នឹងជជែកផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ រីឯចំណុចសំខាន់មួយទៀត គឺថ្នាក់ដឹកនាំទាំង ២ប្រទេស នឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្រសួងការបរទេសកម្ពុជាបានថ្លែងថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រិថៃ មកកាន់កម្ពុជា ជាលើកដំបូងនេះ គឺ «ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំង២ ស្របតាមស្មារតី នៃ «ការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាពនិងវិបុលភាព»។