កម្ពុជាចុះកិច្ចព្រមព្រៀងទទួលឥណទាន ១៤០លានដុល្លារពី ADB (Video Inside)
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលឥណទានសម្បទាន ១៤០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងពិធីមួយនាព្រឹកថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៣។
ពិធីចុះកិច្ចព្រមព្រៀងនោះ បានធ្វើឡើងរវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោកស្រី ជីយ៉ូសាណា វ៉ាម៉ា Jyotsana Varma តំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចព្រមព្រៀងឥណទានសម្បទានតម្លៃ ១៤០លាននេះ គឺសម្រាប់កម្មវិធីចំនួន២ រួមមាន កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុជំហាន២ និងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាអនាគត។
កម្មវិធីទាំង២នេះ គឺក្នុងគោលបំណងរួមចំណែកគាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ និងការធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបាន និងកំពុង រួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕