កូរ៉េខាងត្បូងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍
សេអ៊ូល៖ កូរ៉េខាងត្បូងបានធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួនក្នុងរយៈពេលមួយទស្សវត្សរ៍ នៅថ្ងៃទី២៦ ខែកញ្ញានេះ ដោយបានបង្ហាញពីសព្វាវុធទំនើបៗរបស់ខ្លួន ចំពេលទំនាក់ទំនងជួបភាពតានតឹងខ្លាំងជាមួយកូរ៉េខាងជើង ជាប្រទេសមានអាវុធនុយក្លេអ៊ែរក្នុងដៃ។
ស្ថិតក្រោមដំណក់ទឹកភ្លៀងនាពេលរសៀលថ្ងៃអង្គារសប្តាហ៍នេះ កងទ័ពប្រមាណ ៦,៧០០នាក់បានដើរកាត់កណ្តាលទីក្រុងសេអ៊ូល ដោយមានការអបអរសាទរពីសំណាក់ប្រជាជនដែលកំពុងកាន់ឆ័ត្រ និងគ្រវីទង់ជាតិកូរ៉េខាងត្បូង។ កងទ័ពបានដើរដង្ហែអមដោយគ្រឿងបរិក្ខាយោធាចំនួន ៣៤០មុខ រួមទាំងយន្តហោះដ្រូន រថក្រោះ និងគ្រាប់មីស៊ីល។
ក្បួនព្យុហយាត្រាយោធា ក៏មានការបង្ហាញពីការហោះហើររបស់យន្តហោះចម្បាំង រួមទាំងយន្តហោះបំបាំងកាយដ៏ទំនើប F-35 ដែលផលិតដោយសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានលុបចោល ដោយសារតែអាកាសធាតុមិនអំណោយផល។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ដែលបានជាប់បោះឆ្នោតកាលពីឆ្នាំមុន បានទាញកូរ៉េខាងត្បូងឱ្យខិតទៅជិតសហរដ្ឋអាមេរិក ហើយសម្ព័ន្ធមិត្តទាំងពីរក៏បានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ រួមទាំងសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើនឡើងពីកូរ៉េខាងជើង។
អំឡុងពិធីមួយនៅឯមូលដ្ឋានទ័ពអាកាស Seoul Air Base ក្នុងតំបន់ Seongnam នៅថ្ងៃអង្គារនេះ ដើម្បីរំលឹកដល់ទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៥ ដែលត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែតុលា លោក យូន បានបញ្ជូនសារព្រមានធ្ងន់ៗទៅកាន់កូរ៉េខាងជើង ដោយនិយាយថា របបដឹកនាំទីក្រុងព្យុងយ៉ាងនឹងដល់ថ្ងៃអវសានដោយដៃសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រសិនបើកូរ៉េខាងជើងហ៊ានប្រើអាវុធនុយក្លេអ៊ែរបើកការវាយប្រហារណាមួយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



