មេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូង គ្រោងរៀបចំកិច្ចប្រជុំកំពូលរួមគ្នាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩

ប៉េកាំង៖ ប្រទេសចិនបានលើកឡើងថា ខ្លួនបានយល់ព្រមជាមួយជប៉ុន និងកូរ៉េខាងត្បូង ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំកំពូលរួមគ្នាមួយរវាងមេដឹកនាំប្រទេសទាំងបី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីមានកិច្ចប្រជុំដ៏កម្រមួយរវាងមន្រ្តីការទូតជាន់ខ្ពស់ក្នុងទីក្រុងសេអ៊ូល។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ប្រទេសចិនបានយល់ស្របថា ការអនុវត្តកិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាផលប្រយោជន៍រួមរបស់ភាគីទាំងបី។

លោក វ៉ាង បន្តថា ប្រទេសទាំងបីបានឯកភាពគ្នារៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន “នៅប៉ុន្មានខែខាងមុខនេះ” ដើម្បីជំរុញការរៀបចំកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្រទេសទាំងបី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្រសួងការបរទេសកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា មន្រ្តីការទូតទាំងបីបានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលត្រីភាគី ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយកូរ៉េខាងត្បូងក៏ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគីផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំដ៏កម្ររវាងមន្រ្តីការទូតជាន់ខ្ពស់មកពីចិន កូរ៉េខាងត្បូង និងជប៉ុនក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអង្គារសប្តាហ៍នេះ មានការចូលរួមដោយអនុរដ្ឋមន្ត្រី និងជំនួយការមកពីប្រទេសទាំងបី ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយក្តីកង្វល់របស់ទីក្រុងប៉េកាំង ជុំវិញទំនាក់ទំនងសន្តិសុខកាន់តែស៊ីជម្រៅរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner