ទីក្រុងប៉េកាំងថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មចិនទាក់ទិននឹងកម្មវិធីអភិវឌ្ឍន៍យន្តហោះរបស់អ៊ីរ៉ង់

ប៉េកាំង៖ ប្រទេសចិនបានលើកឡើងនៅថ្ងៃទី២៦ ខែកញ្ញានេះថា ខ្លួនថ្កោលទោសចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុន និងពលរដ្ឋរបស់ចិន ដែលក្រសួងរតនាគារអាមេរិកបាននិយាយថា មានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់អ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានប្រាប់ទូរទស្សន៍រដ្ឋ CCTV ថា ចិនប្រឆាំងយ៉ាងដាច់អហង្ការ ការដែលសហរដ្ឋអាមេរិកដាក់បញ្ចូលសហគ្រាស និងបុគ្គលមួយចំនួនរបស់ចិនទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយចោទប្រកាន់ថា មានជាប់ទាក់ទិននឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់ប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ភាគីអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់ដែលគ្មានហេតុផលរបស់ខ្លួន ចំពោះសហគ្រាស និងបុគ្គលចិន។ ចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ប្រតិកម្មធ្ងន់ៗរបស់ចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៧រូប និងអង្គភាពចំនួន ៤ ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ ចិន រុស្ស៊ី និងតួកគី កាលពីសប្តាហ៍មុន ដែលខ្លួនបាននិយាយថា បានជួយសម្របសម្រួលដល់ការដឹកជញ្ជូន និងប្រតិបត្តិការហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងកម្មវិធីយោធារបស់ទីក្រុងតេហេរ៉ង់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner