រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យក្រុមហ៊ុនមេរបស់ហ្វូតផេនដា គិតគូររបបសន្តិសុខសង្គម ជូនបុគ្គលិក និងយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពការងារពេលបើកបរ ដោយគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់បច្ចេកវិទ្យាដ៏ធំមកពីប្រទេសអាល្លឺម៉ង់ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ហើយបាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែង ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុន សិក្សាជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ ដើម្បីគិតគូរពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់បុគ្គលិក ដើម្បីទទួលបានកិច្ចគាំពារសង្គមពីរាជរដ្ឋាភិបាល ដែលជាគោលនយោបាយជាតិដ៏សំខាន់មួយក្នុងអាណត្តិទី៧នេះ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ថ្លែងដូច្នេះនៅព្រឹកថ្ងៃទី២៧កញ្ញា ក្នុងជំនួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា (Food Panda) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន ជំរុញឱ្យបុគ្គលិកបម្រើសេវាដឹកជញ្ជូន យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើសុវត្ថិភាពការងារពេលបើកបរ និងការគោរពឱ្យខ្ជាប់ខ្ជួននូវសណ្តាប់ធ្នាប់សង្គម និងការគោរពច្បាប់ចរាចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី សំណើនេះ មិនមែនជាសំណើដាច់ដោយឡែកសម្រាប់ក្រុមហ៊ុនហ្វូតផេនដា (foodpanda) នោះទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលកំពុងបម្រើសេវាដឹកជញ្ជូនទាំងអស់ក្នុងប្រទេស ដែលត្រូវគិតគូរខ្ពស់បន្ថែមទៀត លើសុវត្ថិភាពការងារ និងសណ្តាប់ធ្នាប់សង្គម ដែលគ្រប់ភាគីត្រូវចូលរួម ។
ជាការឆ្លើយតប ភាគីក្រុមហ៊ុន នឹងបន្តធ្វើការជាមួយនឹងបេឡារបបសន្តិសុខសង្គម ក្នុងការពិនិត្យលើរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកក្រុមហ៊ុនទាំងអស់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្ថែម ចំពោះសំណើរសុវត្ថិភាពការងារ និងក្រមសីលធម៌។ សម្រាប់ក្រុមហ៊ុន ការបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សង្គម គឺត្រូវបានធ្វើឡើងជាប្រចាំទាំងក្នុងថ្នាក់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ជូនដល់បុគ្គលិក ជាពិសេសអ្នកបម្រើសេវាដឹកជញ្ជូន ដើម្បីសុវត្ថិភាពការងារ ៕

ដោយ វណ្ណលុក