នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលនូវមជ្ឈមណ្ឌល សំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលនូវមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត ។ ពិធីប្រគល់-ទទួល នេះ ធ្វើឡើងក្រោយជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ស្រេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកស្រី ឈា ម៉ានិត ប្រធានមណ្ឌលសំចតខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត មានទីតាំងស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហ ប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ ។ មជ្ឈមណ្ឌលនេះ ជាជំនួយឥតសំណង របស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រថៃ ចំណាយទឹកប្រាក់ជាង ២,១ លានដុល្លារអាម៉េរិក ទិន្នន័យមូលគឺបានសាងសង់រួចហើយ។

លោកស្រី ឈា ម៉ានិត បានបន្តថា ការសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ជនរងគ្រោះ បានសាងសង់ក្នុងរយៈពេល ១ឆ្នាំ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដែលមានទំហំផ្ទៃដី សរុប ៩ ៧៦៨ម៉ែត្រការ៉េ (បណ្តោយ១០១,៣៩ម ទទឹង ៩៦,៣៤ម) ។ មជ្ឈមណ្ឌល មានជំនាញវិជ្ជាជីវៈចំនួន ៥ជំនាញ រួមមាន៖ ជំនាញកាត់ដេរ ជំនាញសាឡន ជំនាញធ្វើម្ហូប/បង្អែម ជំនាញអគ្គិសនី និងទឹក ជំនាញម៉ាស៊ីនត្រជាក់ ៕


ដោយ វណ្ណលុក