សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេរភាគីជាមួយ នាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ស្រេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។

ជួបពិភាក្សាការងារនេះ មេដឹកនាំទាំង២ នឹងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។

ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទអបអរសាទរគ្នាទៅវិញទៅមក ជាមួយនាយករដ្ឋមន្រ្តីថៃ ឯកឧត្តម Srettha Thavisin បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្រ្តី ហើយមេដឹកនាំទាំងពីរ បានប្តេជ្ញាចិត្ត នឹងពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើនបន្ថែមទៀត។

នៅក្នុងកិច្ចសន្ទនាប្រកបដោយក្តីរីករាយរវាងមេដឹកនាំថ្មីទាំងពីរ ឯកឧត្តម Srettha Thavisin នាយករដ្ឋមន្រ្តីថៃ បានថ្លែងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលទី១ ដែលបានទូរស័ព្ទអបអរសាទរជូនឯកឧត្តម បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តី ។

សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ស្របពេលជាមួយនេះ នៅរសៀលថ្ងៃដដែល សភាថៃ បានបោះឆ្នោតជ្រើសរើសឯកឧត្តម Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃផងដែរ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner