ក្វាតេម៉ាឡាបញ្ជូនទាហានជាង ២,០០០នាក់ ទៅបោសសម្អាតក្រុមជួញដូរគ្រឿងញៀន នៅព្រំដែនជាប់ម៉ិកស៊ិក

ក្វាតេម៉ាឡា៖ ទាហាននៅថ្ងៃទី២៨ ខែកញ្ញានេះ បាននិយាយថា ក្វាតេម៉ាឡា បានដាក់ពង្រាយទាហានជាង ២,០០០នាក់ទៅកាន់ព្រំដែនភាគខាងលិចរបស់ខ្លួនជាប់ជាមួយប្រទេសម៉ិកស៊ិក ដើម្បីបោសសម្អាតការហូរចូលនៃក្រុមជួញដូរគ្រឿងញៀន ដែលកំពុងធ្វើសកម្មភាពនៅក្នុងតំបន់។

អ្នកនាំពាក្យកងទ័ពក្វាតេម៉ាឡា លោក Colonel Ruben Tellez បានប្រាប់អ្នកយកព័ត៌មានថា គោលបំណងនៃការដាក់ពង្រាយកងទ័ព គឺដើម្បីទប់ស្កាត់លទ្ធភាពណាមួយ នៃក្រុមដែលមានទំនាក់ទំនងទៅនឹងឧក្រិដ្ឋកម្ម រៀបចំគម្រោងឆ្លងចូលទៅក្នុងទឹកដីក្វាតេម៉ាឡា និងបង្កឱ្យមានទុក្ខព្រួយដល់ប្រជាជនក្នុងតំបន់។ ហើយការដាក់ពង្រាយកងទ័ពនេះដែរ ក៏មានគោលបំណងពង្រឹងអភិបាលកិច្ច និងសន្តិសុខនៅក្នុងតំបន់ព្រំដែនផងដែរ។

គួរបញ្ជាក់ថា ក្វាតេម៉ាឡា និងម៉ិកស៊ិក មានព្រំប្រទល់ជាប់គ្នាប្រហែល ១,០០០គីឡូម៉ែត្រ ហើយមានការគ្រប់គ្រងតិចតួចប៉ុណ្ណោះ និងជាទីតាំងឆ្លងកាត់ខុសច្បាប់ជាច្រើន ដោយក្រុមជួញដូរគ្រឿងញៀន និងជនចំណាកស្រុកដែលគ្មានឯកសារផងដែរ។ អ្នកស្រុករស់នៅក្នុងតំបន់នោះភាគច្រើនស្វែងរកប្រាក់ចំណូលផ្គង់ផ្គង់គ្រួសារ តាមរយៈការដាំកញ្ឆា និងរុក្ខជាតិអាភៀន ដើម្បីផលិតជាហេរ៉ូអ៊ីន និងអាភៀន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner