ឯកឧត្ដម អ៊ាង សុផល្លែត ៖ កាកបាទក្រហមកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
ភ្នំពេញ៖ ក្នុងយុទ្ធនាការ ០១ កញ្ញា “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមរបស់កាកបាទក្រហមកម្ពុជា គឺបានបង្ហាញអំពីការរួមកំលាំងសាមគ្គីភាព សហប្រតិបត្ដិការ រវាងស្ថាប័នមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល ។
ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់នូវក្ដីសន្ដោសជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួយដល់ប្រជាពលរដ្ឋ ដែលជួបនូវផលលំបាកដោយគ្មានភាពរើសអើង ។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការគោរព និងដឹងគុណជូនចំពោះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវការគាំទ្រលើកទឹកចិត្ត និងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ វត្តមានរបស់កាកបាទក្រហមកម្ពុជា ជាកម្លាំងចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបានក្នុងការធ្វើឲ្យយុទ្ធនាការនេះកាន់តែផុសផុល។
យុទ្ធនាការ ០១ កញ្ញា “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” គឺសំដៅដល់ការធ្វើឲ្យបរិស្ថានកម្ពុជា មានភាពស្រស់ស្អាត កាត់បន្ថយសារធាតុពុលពីថង់ប្លាស្ទិក ដែលអាចនាំទៅដល់ការប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវប្រាជ្ញារបស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់រាប់ជំនាន់ទៅ ព្រោះថាកាលបើសិស្សានុសិស្សឈប់ប្រើថង់ប្លាស្ទិកហើយ ក្រុមគ្រួសារ និងសហគមន៍គាត់នឹងមិនប្រើថង់ប្លាស្ទិកដូចគ្នា ទំលាប់នេះនឹងបន្តរីកសាយតជំនាន់ទៅ ។
ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផល្លែត អំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការនី និងប្រជាពលរដ្ឋគ្រប់រូបមេត្តាចូលរួមក្នុងយុទ្ធនាការ “ថ្ងៃ នេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដើម្បីបរិស្ថានជាតិ និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ៕
ដោយ ៖ គ្រី សម្បត្តិ











