ប្រមុខរាជរដ្ឋាភិបាលចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រា អាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យ បញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារ អន្តរជាតិ។ នេះបើយោងតាមខ្លឹមសារអនុក្រឹត្យនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ ។

ជាមួយនឹងអនុក្រឹត្យនេះដែរ លើបណ្ដាញសង្គមតេឡេក្រាម ផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេចអំពីមូលហេតុដើមដែលជំរុញឱ្យ មានអនុក្រឹត្យនេះថា “ក្នុងពេលដែលរូបខ្ញុំនិងគណៈប្រតិភូ ចុះពិនិត្យ តាមស្តង់ពិព័រណ៍លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេស ចិន ក្នុងឱកាសចូលរួមពិព័រណ៍អាស៊ាន-ចិនលើកទី២០ កាល ពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ ខ្ញុំបានជួបជាមួយប្អូនស្រីម្នាក់ដែល ជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះ ប្អូនស្រីបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយ បន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា”។

សម្ដេចធិបតីបន្តថា ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជា សំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀតនៅកម្ពុជាដែលសម្ដេចបានទទួល សម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធដែល រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ជាមួយនិងសមាគមថ្មក្រានីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវ ដំណោះស្រាយសមស្របនិងទាន់ពេលវេលា ក្នុងគោលបំណង ជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឱ្យបានកាន់តែប្រសើរឡើង។

ជាលទ្ធផល កិច្ចប្រជុំបានរៀបចំជាសំណើ ដើម្បីសុំគោលការណ៍ សម្រេច របស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះ សម្ដេចនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញ លើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុក ដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner