កម្ពុជា មិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាល មិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ពលរដ្ឋខ្លួនឯងនោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានលើកឡើងថា កម្ពុជា មិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាល មិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ពលរដ្ឋខ្លួនឯងនោះទេ ខណៈគិតត្រឹមថ្ងៃទី២៨ ខែកញ្ញា រាជរដ្ឋាភិបាលចំណាយជាង ១២០០លានដុល្លារ ជួយប្រជាពលរដ្ឋជួបការលំបាក ។
សម្ដេចធិបតី បានថ្លែងនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៩កញ្ញា ថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ?
សម្ដេចបញ្ជាក់ថា ខាងក្រោមនេះ គឺជាឧទាហរណ៍ នៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឱ្យខ្ញុំ (សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣) ។
នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ÷
១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ខែ ។
ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប ៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ជិត ១ពាន់២០០លានដុល្លារ ។
២. ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យយអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រី និងកុមារ ដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់ ចំណែកថវិកាសរុបជិត ២៧ លានដុល្លារ ។
៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបជាង ៤២លានដុល្លារ ។
ដូច្នេះគិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ២០២៣ កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុបចំនួនជាង ១ពាន់ ២រយលានដុល្លារ ។
ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យនៅទូទាំងប្រទេស។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា មិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ ប្រជាពលរដ្ឋខ្លួនឯងនោះទេ ៕ដោយ វណ្ណលុក