ឯកអគ្គរដ្ឋទូតឥណ្ឌានឹងចូលរួមចំណែកក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” 

ភ្នំពេញ៖ លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាថា លោកជំទាវនឹងចូលរួមចំណែកក្នុងយុទ្ធនាការ  “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ។ ការចូលរួមចំណែកនេះ នឹងធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ហើយការថ្លែងឡើងយ៉ាងដូច្នេះ គឺនៅក្នុងជំនួបសម្តែងការគួរសម នាទីស្តីការក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងបានលើកឡើងពីទិសដៅអាទិភាព ដែលក្រសួងបានកំពុងដាក់ចេញ គឺសំដៅឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់សំណល់ប្លាស្ទិក ដែលសំណល់ទាំងនោះ បាន បំភាយសារធាតុគីមីពុលចូលទៅក្នុងបរិយាកាសមានទឹក ដី ខ្យល់ ។ ហើយជាយុទ្ធសាស្រ្តបន្ត គឺការផ្លាស់ប្តូរទំលាប់ប្រជាពលរដ្ឋឱ្យរៀបចំទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ ហើយទន្ទឹមនឹងការផ្លាស់ប្តូរទាំងនោះ ក្រសួងនឹងមានការលើកទឹកចិត្តទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យទីក្រុងស្អាត និងប្រទេសកម្ពុជាទាំងមូលមានសោភ័ណភាពល្អ គ្មានសំណល់ប្លាស្ទិក ។

បន្ទាប់ពីបានទទួលស្តាប់នូវការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីអំពី ទិសដៅអាទិភាព ដែលក្រសួងបរិស្ថានបានដាក់ចេញរួចមក លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយលោកជំទាវបានសន្យាថា នឹងផ្តល់ថវិកាគាំទ្រ ចូលរួមជាចំណែកក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងបន្តរិតចំណងការទូតកម្ពុជា ឥណ្ឌាឱ្យកាន់តែរឹងមាំថែមទៀត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner