មនុស្សម្នាក់ស្លាប់ និង ១៦២ នាក់របួស ដោយសារការបំផ្ទុះដ៏សាហាវមួយ នៅរដ្ឋធានីអ៊ូសបេគីស្ថាន

អ៊ូសបេគីស្ថាន៖ ក្រុមអាជ្ញាធរអ៊ូសបេគីស្ថានបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ មនុស្សម្នាក់បានស្លាប់ និង ១៦២ នាក់ទៀតរងរបួសដោយសារការផ្ទុះដ៏ខ្លាំងក្លាមួយនៅឯឃ្លាំងមួយកន្លែងជិតអាកាសយានដ្ឋានតាសខេន (Tashkent)។ ការផ្ទុះដ៏សាហាវមួយនេះបានបង្កឱ្យមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានធ្វើឱ្យបែកកញ្ចក់បង្អួចអគារផ្ទះល្វែងដែលស្ថិតនៅក្បែរនោះទាំងអស់។

ក្រសួងសុខាភិបាលអ៊ូសបេគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងប្រុសវ័យជំទង់ម្នាក់បានស្លាប់បន្ទាប់ពីស៊ុមបង្អួចដ៏ធំបានបាក់ធ្លាក់សង្កត់ទៅលើគាត់ ហើយមនុស្សចំនួន២៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ចំណែក ស្ថានភាពរបស់ពួកគេទាំង ២៤ នាក់មិនមានការគំរាមកំហែងដល់អាយុជីវិតនោះទេ ខណៈដែល ១៣៨ នាក់ផ្សេងទៀតបានរងរបួសស្រាល។

យោងតាមរដ្ឋាភិបាលអ៊ូសបេគីស្ថាន បានបញ្ជាក់ថា ជើងហោះហើរនៃអាកាសយានដ្ឋានអន្តរជាតិដែលស្ថិតនៅក្បែរតំបន់ផ្ទុះនេះ បានដំណើរការជាធម្មតា ពោលគឺមិនមានការផ្អាកជើងហោះហើរដោយសារការផ្ទុះនេះនោះទេ។

យោងតាមវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាព និងរូបថតជាច្រើនដែលបានបង្ហោះនៅលើបណ្តាញសង្គម បានឱ្យដឹងថា អំឡុងពេលផ្ទុះភ្លាមៗ អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅពាសពេញផ្ទៃមេឃនាពេលយប់ស្ងាត់ និងមានផ្សែងយ៉ាងខ្មួលខ្មាញ់ភាយចេញទៅខាងលើដំបូលឃ្លាំងនោះ។ ប៉ុន្តែរហូតមកទល់ពេលនេះ គេនៅមិនទាន់អាចស្វែងរកមូលហេតុនៃការផ្ទុះនេះឃើញនៅឡើយទេ។

ក្រសួងសង្គ្រោះបន្ទាន់របស់អ៊ូសបេគីស្ថានបានលើកឡើងថា ក្រសួងបានបង្កើតមន្ទីរពិសោធន៍ពិសេសមួយដើម្បីធ្វើការលើរឿងនេះ ប្រចាំនៅនឹងកន្លែងកើតហេតុតែម្ដង ដើម្បីងាយស្រួលក្នុងការស៊ើបអង្កេត។ ក្រសួងបានបន្ថែមថា បន្ទាប់ពីមានការចេញប្រតិបត្តិការឆ្លើយតបយ៉ាងរហ័សរបស់ក្រុមការងារជំនាញក្រសួង តំបន់ភ្លើងឆេះខ្លាំងក៏បានចាប់ផ្ដើមរលត់បន្តិចម្ដងៗ។

ក្រសួងបានបញ្ជាក់ថា «ឥឡូវនេះ ស្ថានភាព​កំពុងស្ថិតនៅ​ក្រោម​ការ​គ្រប់​គ្រង​បានទាំង​ស្រុងហើយ»។ យោងតាមសារព័ត៌មានក្នុងស្រុកមួយឈ្មោះថា ដាយ៉ូ (Daryo) បានរាយការណ៍ថា ក្រុមពន្លត់អគ្គិភ័យ និងអ្នកសង្គ្រោះបន្ទាន់ចំនួន ១៦ នាក់ត្រូវបានបញ្ជូនទៅពន្លត់ភ្លើងនៅតំបន់កើតហេតុ ដែលវាជាឃ្លាំងមួយកន្លែងស្ថិតនៅក្នុងសង្កាត់ស៊ែហ្គេលី (Sergeli) ក្បែរព្រលានយន្តហោះ៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Reuters

Powerful blast in Uzbek capital kills one, injures 162

https://www.reuters.com/world/asia-pacific/powerful-explosion-has-occurred-near-airport-tashkent-uzbekistan-report-2023-09-28/

ads banner