អាមេរិក ផ្ដល់ប្រាក់រង្វាន់ប្រាំលានដុល្លារ ដើម្បីប្ដូរយកព័ត៌មាននៃការសម្លាប់បេក្ខជនប្រធានាធិបតី​ប្រទេសអេក្វាឌ័រ

អាមេរិក៖សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៨ ខែកញ្ញា បានប្រកាសពីការផ្តល់ប្រាក់រង្វាន់ចំនួនប្រាំលានដុល្លារសម្រាប់ប្ដូរយកព័ត៌មាននៅពីក្រោយការសម្លាប់បេក្ខជនប្រធានាធិបតីអេក្វាឌ័រគឺលោក Fernando Villavicencio។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក អាន់តូនី ប្លីងគិន។​

លោក Villavicencio ដែលជាអតីតសមាជិកសភា និងជាអ្នកប្រឆាំងអំពើពុករលួយដ៏សកម្មនោះ ត្រូវបានខ្មាន់​កាំភ្លើងបាញ់សម្លាប់នៅទីក្រុង Quito កាលពីថ្ងៃទី ៩ ខែសីហា ពេលគឺពីរសប្តាហ៍មុន​ការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតីនៅប្រទេសអេក្វាឌ័រ។ ក្រោយហេតុការណ៍នេះ​ប៉ូលិសអេក្វាឌ័រ​បានចាប់ខ្លួន​ជនសង្ស័យចំនួន ៦ នាក់ដែលជាជនជាតិកូឡុំប៊ី និងដែលជាសមាជិកក្រុមឧក្រិដ្ឋជន។

ដោយឡែក បន្ថែមពីលើរង្វាន់ប្រាំលានដុល្លារ លោក ប្លីងគិន ក៏បានប្រកាសផ្តល់រង្វាន់ ១ លានដុល្លារ​បន្ថែមទៀត​សម្រាប់ព័ត៌មាននានាដែលអាចទាញទៅដល់ការកំណត់អត្តសញ្ញាណ ឬទីតាំងរបស់បុគ្គល​ណាមួយដែលទទួលខុសត្រូវចំពោះការស្លាប់របស់លោក Villavicencio ។

ជាមួយនឹងការចេញជាសកម្មភាពយ៉ាងដូច្នេះ លោក ប្លីងគិន បាននិយាយនៅក្នុងសេចក្តី​ថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកនឹងបន្តគាំទ្រ​ប្រជាជនអេក្វាឌ័រ និងធ្វើការដើម្បីនាំមក​រក​យុត្តិធម៌ដល់បុគ្គលដែលព្យាយាមធ្វើឱ្យខូចដំណើរការប្រជាធិបតេយ្យតាមរយៈឧក្រិដ្ឋកម្មដ៏ឃោរឃៅ»។

គួរបញ្ជាក់ថា អេក្វាឌ័រ និងសហរដ្ឋអាមេរិក បានរក្សាទំនាក់ទំនងជិតស្និទ្ធដោយផ្អែកលើ​ផល​ប្រយោជន៍ទៅវិញទៅមកក្នុងការថែរក្សារបបលទ្ធិប្រជាធិបតេយ្យ។ កន្លងមក ប្រទេសទាំងពីរនេះ សហការគ្នាក្នុងការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងសារធាតុញៀនដូចជាកញ្ឆា និងកូកាអ៊ីន ការកសាងទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការក្នុង ការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អេក្វាឌ័រ និងចូលរួមក្នុងអង្គការអន្តរអាមេរិកជាដើម។

គួររំឭកថា បេក្ខភាពប្រធានាធិបតីអេក្វាឌ័រដ៏មានប្រជាប្រិយភាព គឺលោក Villavicencio ​ត្រូវបានបាញ់សម្លាប់នៅពេលដែលលោកចាកចេញពីការជួបជុំមួយក្នុងរដ្ឋធានី Quito ។

លោក Fernando Villavicencio បេក្ខភាពប្រធានាធិបតីដែលមានអាយុ ៥៩ ឆ្នាំ​ ជាអ្នកប្រឆាំង​អំពើ​ពុករលួយដ៏សកម្ម។ យ៉ាងណាមិញ លោកក៏ធ្លាប់បានលើកឡើងផងដែរ ពីការទទួលបាន​ការគំរាម​កំហែង​ដល់អាយុជីវិត​ក្នុងអំឡុងពេលដែលលោកកំពុងរៀបចំធ្វើយុទ្ធនាការបោះឆ្នោតនៅក្នុងទីក្រុង Quito កាលពីពេល​កន្លងទៅ៕

ប្រភព៖ https://www.reuters.com/world/us-offers-5-mln-reward-information-killing-ecuadorian-presidential-candidate-2023-09-28/

ប្រែសម្រួល៖ បុស្បា

ads banner