អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សម្តែងការអបអរសាទរចំពោះជនជាតិ ដើម ភាគតិច ជង នៅតំបន់អារ៉ែង

(ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមជាមួយនិងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីអបអរសាទរ ចំពោះជនជាតិដើមភាគតិចជងស្ទឹងអារ៉ែង និងពិធីគម្រប់ខួបនៃការបង្កើតសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងជនជាតិដើមភាគតិច ជង ។

កម្មវិធីនេះត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមានការចូលរួមពីរដ្ឋបាលស្រុក មន្រ្តីអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ ប្រមាណជា ៤០០នាក់ ស្ថិតនៅក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ។

គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីផ្សព្វផ្សាយ និងរក្សានូវអត្តសញ្ញាណដើម និងកេរ្តិ៍ដំណែលរបស់សហគមន៍ជនជាតិដើមភាគតិច ជង ដើម្បីផ្សារភ្ជាប់អត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិច ជង រួមជាមួយសកម្មភាពទេសចរណ៍របស់សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងតំបន់អារ៉ែងដែលចូលរួមបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងឃុំទាំងបី។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមប្រារព្ធអបអរដល់សហគមន៍ ជង និងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមការពារព្រៃឈើរបស់បងប្អូនជនជាតិដើមភាគតិច ជង ។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត មានប្រសាសន៍បន្តទៀតថា «តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយនឹងក្រសួងបរិស្ថាន បានជួយដល់ប្រជាពលរដ្ឋចំនួន ១១៨ គ្រួសារ ដែលជាជនជាតិដើមភាគតិច ជង រស់នៅតំបន់ឆាយអារ៉ែង ក្នុងនោះប្រជាពលរដ្ឋមកពីភូមិច្រកឬស្សីនៃឃុំជំនាប់ចំនួន ៥៧គ្រួសារ និង ចំនួន ៦១ គ្រួសារទៀតមកពីភូមិកោះនិងភូមិព្រែកស្វាយនៃឃុំថ្មដូនពៅ»។

លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ក៏បានលើកឡើងផងដែរថា សហគមន៍ជនជាតិដដើមភាគតិច ជង បានរស់នៅទីនេះជាច្រើនទសវត្សរ៍មកហើយ ដែលអាចចាត់ទុកបានថាជាអ្នកការពារព្រៃឈើយ៉ាងសំខាន់ក្នុងតំបន់នេះ។

លោកក៏បានបន្តលើកឡើងពីផែនការរបស់អាជ្ញាធរខេត្តកោះកុង ក្នុងការចាប់ផ្តើមធ្វើការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងតំបន់នេះ យ៉ាងយូរបំផុតត្រឹមខែមករា ឆ្នាំ២០២៤ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។
ការប្រារព្ធពិធីនេះក៏បានដាក់បញ្ចូលផងដែរពីការសម្តែងបែបប្រពៃណីជាមួយនឹងការលេងឧបករណ៍ភ្លេងព្លយដោយ កញ្ញា ទិត្យ នីន និងមានការចូលរួមពី លោក វិចិត្រ រាជ តារាចម្រៀងខេត្តកោះកុងដ៏ល្បីឈ្មោះ បានច្រៀងចម្រៀងមនោសញ្ចេតនាជូនដល់បងប្អូនស្តាប់កម្សាន្ត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner