នាយករដ្ឋមន្ត្រីកម្ពុជា ស្នើបណ្តាអភិបាលរាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព
ភ្នំពេញ៖ សម្ដេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា បានស្នើដល់បណ្តាអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
សម្ដេចធិបតី បានចេញសារសម្លេងពិសេសនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ថា ដោយសារបញ្ហាទឹកជំនន់បានកើតឡើងប៉ះពាល់នៅតាមបណ្ដាខេត្តក្នុងប្រទេសរបស់យើង, ដូច្នេះសុំឱ្យឯកឧត្តម លោកជំទាវ តាមបណ្ដាខេត្តទាំងអស់ ត្រូវក្ដាប់ តាមដានឱ្យជាប់ ដោយត្រូវរៀបចំកម្លាំង មធ្យោបាយសម្ភារៈ ដើម្បីធ្វើយ៉ាងណា ដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីដែលគ្រោះទឹកជំនន់ ប៉ះពាល់ដល់តំបន់ទទួលខុសត្រូវរបស់ខ្លួន ។
សម្ដេច ក៏បានស្នើរឱ្យឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឲ្យជាប់ ដោយសហការជាមួយគណៈអភិបាលរាជធានី-ខេត្ត ដោយត្រៀមមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែម ក្នុងករណីដែលរាជធានី-ខេត្តត្រូវការ ។
សម្ដេចធិបតី បានស្នើទៅអគ្គមេបញ្ជាការកងទ័ព, អគ្គស្នងការនគរបាលជាតិ, មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, មេបញ្ជាការកងទ័ពជើងគោក , ជើងទឹក , ជើងអាកាស , សូមត្រៀមមធ្យោបាយ ត្រៀមកម្លាំង និងសម្ភារៈចាំបាច់ នៅក្នុងការចេញអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ។
ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានសុំទៅឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងស្ថាប័នពាក់ព័ន្ធ ត្រៀមនូវស្បៀង សម្ភារៈបរិក្ខាចាំបាច់ ក្នុងករណីដែលត្រូវបញ្ចេញទៅឱ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងករណីមានការស្នើសុំពីរាជធានី-ខេត្ត ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែរនាំដល់ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈផ្សេងៗក្នុងករណីដែលមានផលប៉ះពាល់ធំ ហើយអាចឈានទៅដល់ការស្ដារឡើងវិញដូចដែលយើងធ្លាប់មានក្នុងហេតុការណ៍ពីមុនមក។ ដូច្នេះ សូមគិតគូរពីការត្រៀមនៅក្នុងផែនការស្រោចស្រង់ឡើងវិញ ក្នុងករណីដែលមានការខូចខាតដំណាំ កសិផលរបស់ប្រជាពលរដ្ឋក្នុងទ្រង់ទ្រាយធំ ។
សម្ដេចធិបតី បានបញ្ជាក់ថា សូមឯកឧត្តម លោកជំទាវ ទទួលគោលការនេះ ហើយចាត់តាំងអនុវត្តឱ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ៕
ដោយ វណ្ណលុក