លោក បៃដិន ហៅលោក ត្រាំ ថា ជាជនជ្រុលនិយម ដែលចង់ធ្វើបដិវត្តន៍រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី២៨ ខែកញ្ញា បានហៅលោក ដូណាល់ ត្រាំ ថា ជា “ជនជ្រុលនិយម” និងបានចោទប្រកាន់អនាគតគូប្រជែងឆ្នាំ ២០២៤ របស់គាត់ ពីបទគ្រោងធ្វើបដិវត្តន៍រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ប្រសិនបើគាត់វិលមកកាន់អំណាចវិញនៅឆ្នាំក្រោយ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងសុន្ទរកថានៅក្នុងរដ្ឋសមរភូមិនយោបាយ អារីហ្សូណា បាននិយាយយ៉ាងដូច្នេះថា យើងទាំងអស់គ្នាគួរតែចងចាំថា លទ្ធិប្រជាធិបតេយ្យមិនអាចស្លាប់ក្រោមចុងកាំភ្លើងទេ។ លោក បៃដិន បានសង្កត់ធ្ងន់ថា ប្រជាធិបតេយ្យអាចស្លាប់នៅពេលដែលប្រជាជននាំគ្នានៅស្ងៀម នៅពេលដែលពួកគេមិនក្រោកឈរឡើង ឬថ្កោលទោសការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

លោក បៃដិន បានព្យាយាមចៀសវាងរាល់ការជ្រៀតជ្រែកណាមួយ នៅក្នុងករណីដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីឆាចោលការបោះឆ្នោតឆ្នាំ ២០២០ របស់គាត់ ដែលឈានដល់ការវាយប្រហារដោយហ្វូងអ្នកគាំទ្ររបស់គាត់ លើវិមានកាពីតូលអាមេរិកនៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១។

ប៉ុន្តែនៅក្នុងសុន្ទរកថានៅក្នុងរដ្ឋសមរភូមិនយោបាយ អារីហ្សូណា លោក បៃដិន បានចាត់វិធានការមិនធម្មតាដោយនិយាយចំៗឈ្មោះលោក ត្រាំ ដោយចោទប្រកាន់គាត់ និងអ្នកដើរតាមគាត់ថា បានវាយប្រហារសារព័ត៌មានសេរីនិងនីតិរដ្ឋ ហើយគ្រោងនឹងបំផ្លាញស្ថាប័នអាមេរិក ប្រសិនបើគាត់ឈ្នះអាណត្តិទីពីរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា