លោក ស៊ី អំពាវនាវជាថ្មីម្តងទៀតឱ្យកោះតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាមួយប្រទេសចិន
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានរំលឹកឡើងវិញនូវការអំពាវនាវរបស់គាត់ សម្រាប់ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ក្នុងអំឡុងពេលពិធីលៀងសាយភោជន៍មួយ នៅឯសាលមហាប្រជាជន នៅមុនថ្ងៃបុណ្យជាតិរបស់ប្រទេសចិន។ ប្រទេសមហាអំណាចនៅអាស៊ីនេះ គ្រោងនឹងប្រារព្ធខួបលើកទី ៧៤ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងមតិឯកភាពឆ្នាំ ១៩៩២, ជំរុញការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងឆ្លងច្រកសមុទ្រ, ធ្វើឱ្យសមាហរណកម្មឆ្លងច្រកសមុទ្រកាន់តែស៊ីជម្រៅ និងមានការអភិវឌ្ឍន៍, ការពារផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជាតិចិន និងលើកកម្ពស់សុខុមាលភាពរបស់ជនរួមជាតិ នៃភាគីទាំងពីរនៅច្រកសមុទ្រតៃវ៉ាន់។

ប្រធានាធិបតីចិនរូបនេះ បានសង្កត់ធ្ងន់ថា ការធ្វើឱ្យមានការបង្រួបបង្រួមជាតិពេញលេញឡើងវិញ គឺជាបំណងប្រាថ្នារួមរបស់ប្រជាជន, និន្នាការនៃសម័យកាល និងជាប្រវត្តិសាស្រ្តដែលមិនអាចកែប្រែបាន ហើយក៏មិនអាចត្រូវបានបញ្ឈប់ដោយកម្លាំងណាមួយឡើយ។

គួរបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ត្រឹមជាផ្នែកមួយនៃដែនដីរបស់ខ្លួនប៉ុណ្ណោះ ហើយតែងតែចេញមុខព្រមានជានិច្ចប្រឆាំងទៅនឹងការធ្វើប្រាស្រ័យទាក់ទងគ្នាផ្លូវការ ក្នុងទម្រង់ណាមួយរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ រីឯសហរដ្ឋអាមេរិកវិញ ដែលជាអ្នកផ្គត់ផ្គង់សព្វាវុធ និងជាខ្នងបង្អែកដ៏សំខាន់់បំផុតនៅលើឆាកអន្តរជាតិរបស់តៃវ៉ាន់ គឺមានកាតព្វកិច្ចតាមផ្លូវច្បាប់ ត្រូវជួយផ្តល់មធ្យោបាយឱ្យតៃវ៉ាន់ការពារខ្លួន បើទោះបីជាភាគីទាំងពីរពុំមានចំណងទាក់ទងការទូតផ្លូវការជាមួយគ្នាក៏ដោយ ខណៈការលក់ និងផ្តល់ជំនួយសព្វាវុធរវាងអាមេរិក និងតៃវ៉ាន់ តែងតែធ្វើឱ្យចិនមិនពេញចិត្តជាខ្លាំង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា