គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានរយៈពេល ១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូត ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣
(ភ្នំពេញ)៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានរយៈពេល ១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូត ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ រៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង៧ព្រឹក ដល់ ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេល រសៀល ចាប់ពីម៉ោង ២ដល់ម៉ោង ៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ- សង្កាត់។
ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ- សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន ១ លើក ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះ ឈ្មោះបោះឆ្នោត (ក.ច.ប) ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
កិច្ចប្រជុំត្រួតពិនិត្យនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
ក្នុងករណីមានការប្រែប្រួលប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ។

ក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរសព្ទដៃ។
យោងតាមប្រសាសន៍ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ។
ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប មានប្រសាសន៍បញ្ជាក់ទៀតថា ប្រជា ពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ហើយដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះ ឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត៖

- បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្ថិតនៅក្នុងឃុំ សង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅ និងសុំចុះឈ្មោះ នោះក្រុមចុះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប។
- បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ សង្កាត់ ដែលប្រជា ពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សងា្កត់ ដែលស្នើសុំចុះឈ្មោះ។
ការធ្វើលិខិតបញ្ជាក់ទីលំនៅ ត្រូវធ្វើនៅឃុំ -សង្កាត់ ទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន (ក៩) និងសាក្សី ១នាក់ ដែលជាប្រជាពលរដ្ឋមានសិទ្ធិបោះ ឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា។ - ក្នុងករណីប្រជាពលរដ្ឋគ្មានអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នោះប្រជា ពលរដ្ឋត្រូវទៅជួបមេឃុំ- ចៅសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដោយត្រូវនាំយកទៅជាមួយនូវសំបុត្របញ្ជាក់កំណើត ឬឯកសារបញ្ជាក់-ពីសញ្ជាតិ រូបថត ៣x៤ ចំនួន ២សន្លឹក និងសាក្សី ២រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា “សាក្សីត្រូវតែមិនមែនជាសមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មេឃុំ- ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬស្មៀន ឃុំ- សង្កាត់”។
បើប្រជាពលរដ្ឋមិនបានបំពេញតាមលក្ខ ខណ្ឌដូចបានជម្រាបជូនខាងលើទេ នោះប្រធានក្រុមចុះឈ្មោះបោះឆ្នោត នឹងសម្រេចបដិសេធការស្នើសុំចុះឈ្មោះដោយចេញទម្រង់បដិសេធ ១០០៩ ហើយ ប្រជាពលរដ្ឋដែលត្រូវបានបដិសេធអាចប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈ ពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួល ទម្រង់បដិសេធ១០០៩ ហើយនីតិវិធីត្រូវធ្វើបន្តបន្ទាប់តាមច្បាប់បោះ ឆ្នោត រហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ។
ការបញ្ជូនទិន្នន័យមក គ.ជ.ប ជារៀង រាល់ ថ្ងៃ ក្រុមចុះឈ្មោះបោះឆ្នោតត្រូវបញ្ជូនទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះ ឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីឱ្យនាយក ដ្ឋានត្រួតពិនិត្យការងារជាប្រចាំ។

ឯកឧត្តមសមាជិក គ.ជ.ប មានប្រសាសន៍បញ្ជាក់បន្តថា៖ នីតិវិធីនៃការចុះឈ្មោះថ្មីមានភាពងាយស្រួល និងច្បាស់លាស់ ហើយ គ.ជ.ប អាចបង្កើតបញ្ជីបោះឆ្នោតដំបូងព្រមគ្នានៅទូទាំងឃុំ- សង្កាត់ ក្នុងប្រទេស ហើយការបិទផ្សាយត្រូវធ្វើនៅថ្ងៃតែមួយគឺ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមទាំងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ សង្កាត់ ឬ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ អំពីបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការចុះឈ្មោះបោះ ឆ្នោត និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឬ និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប៕


ដោយ-រ៉ាវុធ