យុវជនស្វែងរកការងារចំនួន ៩០នាក់ បានសម្ភាសជាប់ ក្នុងនោះ អ្នកជាប់ស្ថាពរមានចំនួន ១០នាក់ និង អ្នកជាប់បឋមចំនួន ៨០នាក់

(ភ្នំពេញ)៖ កម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន និងមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើប្រមាណ ៣០០ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយមន្ត្រីធនធានមនុស្សរបស់ក្រុមហ៊ុនទាំង ៦ ដែលបានចូលរួមកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣។

លោកស្រី មាន ស្រីស្រស់ ជាមន្ត្រីជ្រើសរើសបុគ្គលិកមីក្រូហិរញ្ញវត្ថុ ចម្រើន បានលើកឡើងថា នៅក្នុងវេទិកាការងារដែលរៀបចំដោយ NEA ពិតជាមានបេក្ខជនច្រើនណាស់មកចូលរួមដាក់ពាក្យ និងសម្ភាសការងារ។ លោកស្រីបន្តថា៖ «ក្រុមការងាររបស់ខ្ញុំដែលមកចូលរួមជាមួយនឹង NEA ស្ទើរតែពុំមានពេលសម្ភាសបងប្អូនដែលមកស្វែងរកការងារ ត្បិតក្រុមការងារមានចំនួនតិច ហើយអ្នកមកចូលរួមមានចំនួនច្រើន»។

លោក គឹម សុបញ្ញា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិកធនាគារ អ៊ូរី លើកឡើងថា ទីតាំង NEA គឺជាកន្លែងជួបគ្នាដោយងាយស្រួលរវាង តំណាងក្រុមហ៊ុន និងអ្នកស្វែងរកការងារធ្វើ។លោកបន្ថែមថា ប្រសិនបើ សិស្ស/និស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេច NEA ដែលជាប្រភពនៃព័ត៌មានការងារយ៉ាងច្រើនសម្បូរបែប។ លោកក៏សូមថ្លែងអំណរអគុណ ដែល NEA ក៏ដូចជាក្រសួងការងារ ដែលតែងតែសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងការជ្រើសរើសបុគ្គលិក។

លោក ចន្ធូ រតនៈ ជាយុវជនរៀននៅវិទ្យាល័យហ៊ុនសែនកោះចិន បានសម្ភាសជាប់ជាស្ថាពរ នៅក្រុមហ៊ុន Master Suki Soup ផ្នែក Services លើកឡើងថាលោកពិតជាសប្បាយរីករាយណាស់ដែលទទួលបានការងារតាមរយៈកិច្ចសម្ភាសការងារនេះ។ ជាមួយគ្នានេះលោក ក៏បានអំពាវដល់យុវជនដែលមិនទាន់មានការងារធ្វើ ឬចង់ ផ្លាស់ប្ដូរការងារថ្មី សូមយក CV មកក្រសួង ការងារ ដើម្បីដាក់ពាក្យសម្ភាសការងារនៅ NEA ជាមួយក្រុមហ៊ុនធំៗជាច្រើន ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក។

សម្រាប់យុវជន សិស្ស-និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ អាចមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner