មន្ត្រីធនាគារជាតិ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បានបោះជំហានទៅមុខមួយកម្រិតទៀត ក្រោយសម្រេចបាននូវការ ផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារដោយមិនអស់កម្រៃ រហ័ស និងសុវត្ថិភាព

(ភ្នំពេញ)៖ មន្ត្រីធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បានបោះជំហានទៅមុខមួយកម្រិតទៀត ក្រោយសម្រេចបាននូវការផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារដោយមិនអស់កម្រៃ រហ័ស និងសុវត្ថិភាព តាមរយៈប្រព័ន្ធទូទាត់បាគង និងKHQR Code ខណៈឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធទូទាត់សងប្រាក់មានប្រតិបត្តិការប្រមាណ ៣០,៣លានប្រតិបត្តិការ កើនឡើង ១,៦ដង និងមានទំហំប្រាក់ប្រតិបត្តិការមាន ៨៩,៧ ប៊ីលានដុល្លារអាមេរិក កើនឡើង ៣,៦% ស្មើនឹងជិត ៣ ដងនៃផលិតផលក្នុងស្រុកសរុប ។ នេះជាការបញ្ជាក់របស់ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងកម្មវិធី វេទិកាស្ដីពីវិស័យធនាគារឆ្នាំ២០២៣ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។

លោក ហេង បូមករា បានថ្លែងថា ក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្មទី៤ បច្ចេកវិទ្យា គឺជាសមាសភាពយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសឹងតែគ្រប់វិស័យ រាប់ចាប់ពីសេដ្ឋកិច្ច រហូតដល់យោធា។ ស្របគ្នានេះដែរ វិបត្ដិកូវីដ១៩ គឺជាសមាសភាពមួយក្នុងការបន្សាំបច្ចេកវិទ្យា ជាមួយការរស់នៅ និងការធ្វើពាណិជ្ជកម្ម ស្របពេលដែលបច្ចេកវិទ្យាទាំងនេះ បានជំរុញឱ្យមានភាពប្រសើរឡើងនៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការបង្កើតនវានុវត្ដន៍ថ្មីៗ ដែលជាឈ្នាន់មួយ ដើម្បីធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅ តាមរយៈការបង្កើនឱកាសការងារ ការបង្កើនលទ្ធភាពទទួលបានការអប់រំនិងស្វ័យសិក្សា និងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម រួមទាំងការបង្កើនភាពអង់អាចរបស់ស្ត្រីផងដែរ។

លោកបន្តថា បច្ចុប្បន្ន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាកាន់តែទទួលបានការពេញនិយម ដែលឆ្លុះបញ្ចាំងតាមរយៈតម្លៃទីផ្សារសរុបនៃការធ្វើពាណិជ្ជកម្មក្នុងឆ្នាំ២០២២ មានចំនួនជាង ១.១ ប៊ីលានដុល្លារអាមេរិក ហើយតម្លៃទីផ្សារនេះរំពឹងថា នឹងឈានដល់ ១.៧ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២៥។ នៅក្នុងនិន្នាការនេះ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ត្រូវបានរៀបចំឡើង ដើម្បីជំរុញឱ្យមានការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់ នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ហេង បូមករា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូទាត់សងប្រាក់ជាមួយប្រទេសក្នុងតំបន់ដូចជា៖ ប្រទេសថៃ ម៉ាឡេស៊ី ឡាវ និងវៀតណាម ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធិភាព ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្ដិការផ្នែកនវានុវត្ដន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយប្រទេសហ្វ៊ីជី សូឡូម៉ូន និងរវ៉ាន់ដា ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងនវានុវត្ដន៍ និងការទូទាត់តាមបែបឌីជីថលសម្រាប់សេវាហិរញ្ញវត្ថុ។ ការទូទាត់ឆ្លងប្រទេសនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ពង្រីកសក្ដានុពលសេដ្ឋកិច្ច ហើយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូទាត់សងប្រាក់គឺប្រៀបបានជាការតភ្ជាប់ស្ពាន ដែលអាចផ្ដល់លទ្ធភាពជំរុញលំហូរសេដ្ឋកិច្ច។

មន្ត្រីធនាគារជាតិរូបនេះ ក៏បានអបអរសាទរនិងកោតសរសើរចំពោះ វិទ្យាស្ថានខេមអេដ ដែលជានិច្ចកាលតែងតែផ្សព្វផ្សាយអំពីចក្ខុវិស័យ ចំណេះដឹង និងជំនាញការងារ ក្នុងវិស័យធនាគារដល់និស្សិត ស្ថាប័នជាតិ និងអន្តរជាតិ និងលើកទឹកចិត្ដវិទ្យាស្ថានខេមអេដ បន្តគាំទ្រនិងយកចិត្ដទុកដាក់លើការពង្រឹងសមត្ថភាព និងសក្ដានុពលរបស់យុវជនកម្ពុជាលើជំនាញគណនេយ្យនិងហិរញ្ញវត្ថុ ក៏ដូចជាការគាំទ្រសកម្មភាពយុវជន លើគម្រោង (Project) ពាក់ព័ន្ធនឹងការចែករំលែកចំណេះដឹង និងការអភិវឌ្ឍសមត្ថភាព ជាពិសេសចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យាជាដើម ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner