ក្រសួងការងារចេញសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ឆ្នាំ២០២៤

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញ សេចក្តី ប្រកាសព័ត៌មានស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ ថា យោងតាមការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ហើយនិង យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីសម្រេចក្នុងនេះប្រការ១ ត្រូវបានបន្ថែមទឹកប្រាក់ចំនួន ២(ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ ចំនួន ២០២ (ពីររយពីរ) ដុល្លារ អាម៉េរិក ដែលបានកំណត់ដោយ ក្រុម ប្រឹក្សា ជាតិប្រាក់ឈ្នួលអប្បបរមា ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤។ ហេតុនេះប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ឆ្នាំ២០២៤ ត្រូវបានកំណត់ជាផ្លូវការនូវទឹកប្រាក់ចំនួន ២០៤ (ពីររយបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ។

ក្រៅពីនេះក្នុងប្រការ២ បានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករ និយោជិតសាកល្បងចំនួន ២០២ (ពីររយពីរ) ដុល្លារ អាម៉េរិក ក្នុងមួយខែ។ ចប់រយៈពេលសាកល្បងក្លាយជាកម្មករ និយោជិត ពេញសិទ្ធិ ត្រូវបានទទួលប្រាក់ឈ្នួល អប្បបរមាចំនួន ២០៤ (ពីររយបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ។

ជាមួយគ្នានេះ ចំពោះកម្មករនិយោជិតដែលទទួលបានប្រាក់ឈ្នួលគិត តាមបរិមាណផលិតផល (ដេរស៊ីបុង) ត្រូវ ទទួលបានប្រាក់ឈ្នួល តាមទិន្នផលជាក់ស្ដែងដែលធ្វើបាន។ បើទិន្នផលការងារទទួល បាននោះលើសពីចំនួន ប្រាក់ឈ្នួលដែលមានចែងក្នុងចំណុចទី១ ខាងលើ ត្រូវទទួលបានតាមចំនួនលើសនោះ។ ប្រសិន បើទាបជាង ប្រាក់ឈ្នួលដែលមានចែងក្នុងចំណុចទី១ ខាងលើ នោះនិយោជក ត្រូវបន្ថែមឱ្យគ្រប់ចំនួន ២០២ (ពីររយពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតសាកល្បង និងចំនួន ២០៤ (ពីររយបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតពេញសិទ្ធិ។
ដោយឡែកសម្រាប់ប្រការផ្សេងៗទៀតក្នុងនេះមានដូចជា ប្រាក់ អត្ថប្រយោជន៍ផ្សេងៗដែលកម្មករ និយោជិត ធ្លាប់ទទួលបានកន្លងមក ត្រូវរក្សាទុកដដែល។ ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ត្រូវអនុវត្តចាប់ ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner