តំណាងកម្មករថា៖ ទោះសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក៏កម្ពុជាប្រឹងប្រែងតម្លើងប្រាក់ឈ្នួលកម្មករ

(ភ្នំពេញ)៖ តំណាងកម្មករនិយោជិត និងជាប្រធានសហភាពសិទិ្ធកម្មករកម្ពុជាមួយរូបបានថ្លែងឲ្យដឹងថា ទោះបីជាសេដ្ឋកិច្ចសាកលធ្លាក់ចុះ តែរាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់លើការតម្លើងប្រាក់ឈ្នួលកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ហើយលោកអំពាវនាវឲ្យបងប្អូនកម្មករនិយោជិតខិតខំប្រឹងប្រែងធ្វើការ ដើម្បីធានាដល់សង្វាក់ផលិតភាពការងារផងដែរ ។

នេះជាការលើកឡើងរបស់ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទិ្ធកម្មករកម្ពុជាមានប្រសាសន៍នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោកមានប្រសាសន៍ឲ្យដឹងផងដែរថា ជាលទ្ឋផលការតម្លើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤ គឺមានចំនួន ២០៤ ដុល្លារ ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិជាសាកល ។

លោកមានប្រសាសន៍ថា៖«រដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ក្នុងការតម្លើងប្រាក់ឈ្នួលដល់កម្មករ ទោះសេដ្ឋកិច្ចធ្លាក់ចុះ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់» ។

ទន្ទឹមនឹងនេះ លោកក៏អំពាវនាវឲ្យកម្មករនិយោជិតបន្តខិតខំធ្វើការងារដើម្បីរក្សាសង្វាក់ផលិតភាពការងារ
ឲ្យកាន់តែប្រសើរឡើង យល់ពីតម្លៃនៃការងារ ព្រោះបើកាលណាយើងមិនខំប្រឹងធ្វើការ វានឹងអាចជះផលប៉ះពាល់ដល់ផលិតភាពការងារដល់ក្រុមហ៊ុន ។

លោកមានប្រសាសន៍បន្តថា៖« ពេលបានប្រាក់ឈ្នួលឡើងហើយ បើសិនជាយើងមិនសូវយកចិត្តទុកដាក់ចំពោះការងារទេ ក្រុមហ៊ុននិងអ្នកបញ្ជាទិញអាចកាត់បន្ថយការងារនិងសង្វាក់ផលិតកម្ម » ។

ជាងនេះទៅទៀត លោកអំពាវនាវឲ្យម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃប្រាក់ឈ្នួល ព្រោះការតម្លើងប្រាក់ឈ្នួលរបស់កម្មករនៅមានកម្រិតតិតតួចនៅឡើយទេ ។

លោកមានប្រសាសន៍បន្តថា៖ « តំណាងកម្មករខ្ញុំសុំអង្វរកុំអោយម្ចាស់ផ្ទះជួលតម្លើងថ្លៃ ព្រោះបងប្អូនកម្មករនិយោជិតក៏ចំណាយច្រើនសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃទាំងតម្លៃម្ហូបអាហារនៅលើទីផ្សារ» ។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរ៤ដុល្លារថែមទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតនៅឆ្នាំ២០២៤ឡើងដល់ ២០៤ដុល្លារ ពោលគឺ៤ដុល្លារដែលដំឡើងនេះ ២ដុល្លារ ជាការព្រមព្រៀងរវាងភាគីថៅ និងកម្មករ និយោជិត ហើយ ២ដុល្លារទៀត ជាការបន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង ។

សម្តេចធិបតីមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់ផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner