ហោប៉ៅកម្មករផ្នែកវាយនភណ្ឌ កាត់ដេរកម្ពុជា នឹងទទួលបានប្រាក់បន្ថែមជាង ៤០លានដុល្លារ សម្រាប់ប្រាក់ឈ្នួលថ្មី ក្នុងឆ្នាំ២០២៤

(ភ្នំពេញ)៖ តួលេខ ២០៤ដុល្លារ គឺជាចំនួនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលចាប់អនុវត្តផ្តល់ជូនពីខែមករា ឆ្នាំ២០២៤ខាងមុខនេះ។ មានន័យថា ប្រាក់ឈ្នួលអប្បរមានេះត្រូវបានដំឡើង៤ដុល្លារបន្ថែមទៀតពីលើប្រាក់ឈ្នួលអប្បរមាក្នុងឆ្នាំ២០២៣នេះ ដែលមានចំនួន ២០០ដុល្លារ។

ប្រសិនយើងគណនាជារួម ប្រាក់ឈ្នួលអប្បរមាដែលដំឡើងបន្ថែម៤ដុល្លារក្នុងមួយខែសម្រាប់កម្មករម្នាក់ ចុះបើសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សរុបចំនួនប្រមាណ ៨៤ម៉ឺននាក់ គឺមានន័យថាក្នុងមួយខែ ប្រាក់ឈ្នួលកម្មករក្នុងវិស័យនេះត្រូវបានបន្ថែមទឹកប្រាក់សរុបប្រមាណ៣លាន៣សែនដុល្លារ ចូលក្នុងហោប៉ៅរបស់កម្មករសរុប។ ចុះប្រសិនបើមួយឆ្នាំ គឺមានន័យថាហោប៉ៅរបស់កម្មករនឹងទទួលបានប្រាក់ឈ្នួលបន្ថែមសរុបប្រមាណ៤០លានដុល្លារឯណោះ។

បើសិនយើងមើលទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នដែលកំពុងមានភាពផុយស្រួយ ខណៈប្រទេសជាច្រើនកំពុងរងផលប៉ះពាល់ពីសង្គ្រាមរុស្សី និង អ៊ុយក្រែនទៀតនោះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និង ផលិតផលធ្វើដំណើរនៅក្នុងប្រទេសនានាពុំត្រូវបានដំឡើងថ្លៃបន្ថែមនោះទេ។

ទន្ទឹមនេះ នៅក្នុងប្រទេសមួយចំនួន ដូចជា ឡាវ មីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថានជាដើមនៅទាបជាង ១០០ដុល្លារ រីឯសម្រាប់វៀតណាម និង ឥណ្ឌា ក៏នៅទាបជាង ២០០ដុល្លារនៅឡើយ ប៉ុន្តែសម្រាប់កម្ពុជា រាជរដ្ឋាភិបាលនៅតែសម្រេចបានការបង្កើនប្រាក់ឈ្នួលអប្បរមាជូនកម្មករពី ២០០ដុល្លារក្នុងឆ្នាំ២០២៣នេះ ឡើងដល់២០៤ដុល្លារ ចាប់ពីដើមឆ្នាំ២០២៤ទៅ ។

គួរកត់សំគាល់ថា បន្ថែមពីការសម្រេចដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិតផងដែរ ។

ទន្ទឹមនឹងនេះ សម្តេចធិបតី បញ្ជាក់ថានឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថារយៈពេល៨ខែឆ្នាំ២០២៣នេះ មានរោងចក្រ សហគ្រាសគ្រឹះស្ថានបើកដំណើរការថ្មីចំនួន១,១៨៨ នៅកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត៦ម៉ឺនកន្លែង (៥៩,៦៣១)។ ជារួម ការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារសម្រាប់ កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក្នុងឆ្នាំ២០២៤នេះ គឺជាយុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់ទាំងនយោជក និង និយោជិត។ មានន័យថា នយោជកក៏នៅមានលទ្ធភាពបន្តវិនិយោគ និង ផ្តល់ប្រាក់ឈ្នួលបន្ថែមនេះជូនកម្មករនយោជិត ខណៈកម្មករនយោជិតក៏នៅតែមានការងារធ្វើសមរមសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner