ផ្ទុះគ្រាប់បែកអត្តឃាតស្លាប់មនុស្សយ៉ាងតិច ៥២នាក់ នៅប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ មនុស្សយ៉ាងហោចណាស់ ចំនួន៥២នាក់បានស្លាប់ ហើយមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកអត្តឃាត អំឡុងពិធីសាសនាមួយ នៅប្រទេសប៉ាគីស្ថាន។

ហេតុការណ៍ផ្ទុះគ្រាប់បែកអត្តឃាតនេះបានកើតឡើង កាលពីថ្ងៃសុក្រ សប្តាហ៍នេះ ក្នុងខេត្តបាឡូជីស្ថាន ដែលកើតឡើងអំលុងពិធីខួបកំណើតរបស់អ្នកនាំសាររបស់ព្រះក្នុងសាសនាអ៊ីស្លាម «មហាំម៉ាត់»។

ក្រុមមន្រ្តីសុខាភិបាលនិងប៉ូលិសបានឱ្យដឹងថា មនុស្សយ៉ាងហោច៥២នាក់ បានបាត់បង់ជីវិត និងជាង៥០នាក់ផ្សេងទៀតបានទទួលរងរបួស។ ការផ្ទុះគ្រាប់បែបនេះបានកើតមាន ចំពេលដែលការវាយប្រហារបង្កឡើងដោយក្រុមសកម្មជនប្រយុទ្ធ បាននិងកំពុងកើនឡើងកាន់តែញឹកញាប់ នៅតំបន់ភាគខាងលិចប៉ាគីស្ថាន ហើយក៏ក្នុងពេលដែលប្រទេសអាស៊ីខាងត្បូងមួយនេះ ត្រៀមរៀបចំការបោះឆ្នោតសកល នៅខែមករា ឆ្នាំ២០២៤។

ប៉ាគីស្ថានត្រូវបានមើលឃើញពីសកម្មភាពវាយប្រហារដោយក្រុមសកម្មប្រយុទ្ធឡើងវិញ ចាប់តាំងតែពីឆ្នាំមុនមក នៅពេលបទឈប់បាញ់រវាងរដ្ឋាភិបាលនិងក្រុមសកម្មប្រយុទ្ធ TTP បានដួលរលំនោះ។ យ៉ាងណាមិញ ក្រុម TTP បានចេញមុខបដិសេធថា ខ្លួនមិនបានធ្វើសកម្មភាពវាយប្រហារ នៅថ្ងៃសុក្រ សប្តាហ៍នេះឡើយ។

គួររម្លឹកដែរថា កាលពីខែកក្កដាកន្លងទៅ ក៏មានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅខេត្តមួយ នាភាគនិរតីប្រទេសប៉ាគីស្ថាន ក្នុងពេលជួបជុំគណបក្សនយោបាយសាសនាមួយ បណ្តាលឲ្យមនុស្សជាង ៤០នាក់ស្លាប់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner