កូរ៉េខាងជើងប្រកាសបង្កើនការផលិតអាវុធប្រល័យលោក ទប់ទល់នឹង «សង្គ្រាមត្រជាក់»

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងជំរុញឱ្យមានការផលិតអាវុធនុយក្លេអ៊ែរ កាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួន ហៅថា «សង្រ្គាមត្រជាក់ថ្មី»។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការកើនឡើង នូវការផលិតអាវុធនុយក្លេអ៊ែរ សម្រាប់ប្រទេសរបស់លោក ដើម្បីដើរតួនាទីកាន់តែធំនៅក្នុងសម្ព័ន្ធនៃប្រជាជាតិដែលប្រឈមមុខនឹងសហរដ្ឋអាមេរិក នៅក្នុង «សង្រ្គាមត្រជាក់ថ្មី» នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដែលបានចេញផ្សាយ ថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានឲ្យដឹងថា លោក គីម បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងសម័យប្រជុំរយៈពេលពីរថ្ងៃ នៃសភាកូរ៉េខាងជើង ដែលបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរួមបញ្ចូលគោលនយោបាយរបស់លោក ក្នុងការពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស។

សម័យប្រជុំរបស់សភាប្រជាជនកូរ៉េ នៅថ្ងៃអង្គារ និងថ្ងៃពុធ សប្តាហ៍នេះ បានធ្វើឡើងបន្ទាប់ពីលោក គីម បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែកញ្ញានេះ ហើយបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ព្រមទាំងបានទៅទស្សនាកន្លែងយោធា និងបច្ចេកវិទ្យា ទៀតផង៕ ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner