មនុស្សរាប់លាននាក់ធ្វើដំណើរឆ្លងកាត់ប្រទេសចិន ខណៈ បុណ្យជាតិចិនចាប់ផ្តើម
ប៉េកាំង៖ អ្នកធ្វើដំណើរចិនបានប្រមូលផ្តុំ នៅតាមបណ្តាញដឹកជញ្ជូន នៅថ្ងៃសុក្រ សប្តាហ៍នេះ ខណៈដែលថ្ងៃឈប់សម្រាកបុណ្យជាតិ រយៈពេលប្រាំបីថ្ងៃបានចាប់ផ្ដើម ដែលសំដៅលើ «បុណ្យសែនព្រះខែ»។
ព្រឹកថ្ងៃសុក្រ សប្តាហ៍នេះ គេឃើញនៅតាមស្ថានីយ៍រថភ្លើងនៅភាគខាងត្បូង ក្រុងប៉េកាំង ត្រូវបានកកកុញ ដោយអ្នកដំណើរ អូសវ៉ាលី ខណៈដែលពួកគេប្រញាប់ប្រញាល់ចូលទៅក្នុងរថភ្លើងធ្វើដំណើរ។
នៅក្នុងស្ថានីយ៍រថភ្លើង Hongqiao នៃទីក្រុងសៀងហៃវិញ អ្នកធ្វើដំណើររាប់ពាន់នាក់ក៏បានកកកុញ ជាមួយនឹងសកម្មភាពទិញអាហារ និងទិញរបស់របរ សម្រាប់សាច់ញាតិរបស់ពួកគេ។ នៅអាកាសយានដ្ឋានអន្តរជាតិក្បែរនោះ អ្នកដំណើរដ៏ច្រើនបានដើរឆ្លងកាត់សន្តិសុខ ដោយបុគ្គលិកដឹកជញ្ជូនម្នាក់បាននិយាយថា «ថ្ងៃមុននេះ កាន់តែមមាញឹក ជាងនេះទៅទៀត»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អាកាសយានដ្ឋានអន្តរជាតិចំនួនពីររបស់ទីក្រុងប៉េកាំង ត្រូវបានគេរំពឹងថា នឹងអាចផ្ទុកមនុស្សបានប្រហែល ២.៣ លាននាក់ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រតិបត្តិការយន្តហោះធំៗគ្រោងនឹងបង្កើនជើងហោះហើរបន្ថែមទៀត ដើម្បីបំពេញតម្រូវការ៕ ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

