ទីក្រុងញូវយ៉កបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង បិទរថភ្លើងក្រោមដី

ញូវយ៉ក៖ ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ នៅភាគឦសាន នៃសហរដ្ឋអាមេរិកបានធ្វើឱ្យផ្នែកខ្លះ នៃទីក្រុងញូវយ៉ក ស្ថិតនៅក្រោមទឹក កាលពីថ្ងៃសុក្រ សប្តាហ៍នេះ ប៉ះពាល់ដល់ផ្លូវរថភ្លើងក្រោមដីនានា និងរំខានដល់ព្រលានយន្តហោះមួយចំនួននៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកមួយនេះផងដែរ។

អភិបាលក្រុងញូវយ៉ក លោកស្រី Kathy Hochul បានប្រកាសភាពអាសន្នជាផ្លូវការ សម្រាប់ទីកោះ Long Island នៅភាគខាងកើត និងជ្រលងទន្លេ Hudson នៅភាគខាងជើង ដោយព្រមានប្រជាជនកុំឱ្យធ្វើដំណើរលើផ្លូវដែលបានលិចទឹក។

រូបភាពពីជុំវិញទីក្រុងញូវយ៉ក បានបង្ហាញរថយន្តបានលិចទឹកពាក់កណ្តាល ហើយចរាចរណ៍បានរំខាន ដោយផ្លូវសំខាន់ៗមួយចំនួនត្រូវបានបិទទាំងស្រុង។

ប្រព័ន្ធរថភ្លើងក្រោមដីដ៏ធំរបស់ទីក្រុងញូវយ៉កក៏រងការវាយប្រហារដោយទឹកជំនន់ផងដែរ ដោយខ្សែជាច្រើនបានបិទ នៅសង្កាត់ Brooklyn ។

អង្គភាពរថភ្លើងក្រោមដីបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «សេវារថភ្លើងក្រោមដីត្រូវបានកំណត់ឲ្យប្រើតិចតួចបំផុត ដោយសារទឹកជំនន់ខ្លាំង ហើយ សេវាកម្មត្រូវបានផ្អាកនៅស្ថានីយ៍ជាច្រើន»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner