ថៃកាត់ទោសមេដឹកនាំចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាប់គុក ៤ឆ្នាំ ពីបទប្រមាថស្តេច

បាងកក៖ តុលាការថៃបានកាត់ទោសមេដឹកនាំឈានមុខម្នាក់ នៃចលនាតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយក្រុមយុវជន ឲ្យជាប់ពន្ធនាគារ រយៈពេលបួនឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ។

លោក Anon Numpa ត្រូវបានកាត់ទោសនៅក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ដ៏តឹងរ៉ឹងរបស់ប្រទេសថៃ ជុំវិញសុន្ទរកថាដែលលោកបានធ្វើឡើង នៅទីក្រុងបាងកក ក្នុងឆ្នាំ ២០២០ អំឡុងបាតុកម្ម តាមដងផ្លូវ។

លោក Anon គឺជាអ្នកតវ៉ាម្នាក់ក្នុងចំណោមបាតុករមួយចំនួនដែលបានធ្វើការអំពាវនាវដែលមិនធ្លាប់មានពីមុនមក ឱ្យមានការកែទម្រង់របបរាជានិយម និងកែទម្រង់ច្បាប់ដែលការពារព្រះមហាក្សត្រ Maha Vajiralongkorn និង រាជវង្សានុវង្ស ពីការរិះគន់។

តុលាការព្រហ្មទណ្ឌក្រុងបាងកក បានសម្រេច កាលពីថ្ងៃអង្គារសប្តាហ៍នេះថា សុន្ទរកថារបស់លោក Anon នៅវិមានប្រជាធិបតេយ្យ គឺជាការប្រមាថព្រះមហាក្សត្រ ដោយកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ។ លោកក៏ត្រូវបានពិន័យជាប្រាក់ចំនួន ២ម៉ឺនបាត ឬ ៥៥០ដុល្លារ សម្រាប់ការបំពានច្បាប់គ្រាអាសន្ន ដែលចូលជាធរមាន នៅពេលនោះដែរ។

លោក Anon អាយុ ៣៩ ឆ្នាំបានប្រាប់អ្នកយកព័ត៌មានពេលលោកចូលទៅក្នុងតុលាការថា «ការបាត់បង់សេរីភាពផ្ទាល់ខ្លួន គឺជាការលះបង់ដែលខ្ញុំសុខចិត្តធ្វើ» ។

លោកបានមានប្រសាសន៍ថា «យើងបានមកដល់ផ្លូវឆ្ងាយ ហើយយើងបានឃើញការផ្លាស់ប្តូរជាច្រើនក្នុងឆាកនយោបាយថៃ ចាប់តាំងពីចលនាត្រឡប់មកវិញ ក្នុងឆ្នាំ ២០២០»៕ ប្រភពពីAFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner