លោក ពូទីន អបអរសាទរប្រជាជនរុស្សី ក្នុងការបង្រួបបង្រួមឡើងវិញនៃតំបន់ថ្មីៗ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអបអរសាទរដល់ពលរដ្ឋរុស្ស៊ីទាំងអស់ ក្នុងឱកាសរម្លឹកទិវាបង្រួបបង្រួមជាតិនៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk និងតំបន់ Zaporozhye និង Kherson ជាមួយប្រទេសរុស្ស៊ី។

លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា «កាលពីមួយឆ្នាំមុន នៅថ្ងៃទី៣០ ខែកញ្ញា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ច្បាស់លាស់ និងពិតប្រាកដមួយបានកើតឡើង នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ដើម្បីបញ្ចូលអង្គភាពធាតុផ្សំថ្មី ចំនួន ៤ ទៅក្នុងសហព័ន្ធរុស្ស៊ី» ។

គួរបញ្ជាក់ដែរថា ថ្ងៃទី ៣០ ខែកញ្ញាគឺជាថ្ងៃនៃការបង្រួបបង្រួមនៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk និងតំបន់ Zaporozhye និង Kherson ជាមួយប្រទេសរុស្ស៊ី។

លោកពូទីនបានចង្អុលបង្ហាញថា «អ្នកស្រុករាប់លាននាក់នៃតំបន់ Donbass និង Kherson និង តំបន់ Zaporozhye បានជ្រើសរើសជម្រើស ដើម្បីនៅជាមួយមាតុភូមិរបស់ពួកគេ»។

មេដឹកនាំរុស្ស៊ីរូបនេះបានកត់សម្គាល់ថា «ការសម្រេចចិត្តដ៏មានមនសិការ រង់ចាំជាយូរ ពិបាកនឹងឈ្នះ និងមានការគាំទ្រពិតប្រាកដនេះ ត្រូវបានធ្វើឡើងជាសមូហភាព តាមរយៈការបោះឆ្នោតប្រជាមតិ ក្នុងការអនុលោមតាមបទដ្ឋានអន្តរជាតិ»។

លោកពូទីន បានបន្តថា «មនុស្សបានបង្ហាញពីភាពក្លាហាន និងភាពស្មោះត្រង់ ចំពោះមុខការប៉ុនប៉ងបំភិតបំភ័យ និងដកហូតសិទ្ធិរបស់ពួកគេ ក្នុងការកំណត់អនាគតរបស់ពួកគេ ជោគវាសនារបស់ពួកគេ និងអ្វីដែលមនុស្សគ្រប់រូបឱ្យតម្លៃ ដូចជា វប្បធម៌ ប្រពៃណី និងភាសាកំណើត»។

គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី និងប្រមុខតំបន់ចំនួនបួន ដែលត្រូវរៀបរាប់ខាងលើ បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការចូលជាសមាជិករុស្ស៊ី៕ ប្រភពពី TASS ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner