នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ប្តេជ្ញាដោះស្រាយ «ការធ្វេសប្រហែស» បន្ទាប់ពីភ្លើងឆេះសាលមង្គលការ ស្លាប់មនុស្ស១០០នាក់
បាដាត៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohamed Shia al-Sudani សន្យាថា នឹងដោះស្រាយ បញ្ហា «ការខកខានកាតព្វកិច្ច និងការធ្វេសប្រហែស» នៅពេលដែលលោកទៅគោរពសពជនរងគ្រោះក្នុងភ្លើងឆេះសាលមង្គលការ នៅព្រះវិហារ ក្នុងទីក្រុង Qaraqosh ។

ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់១០០ នាក់បានស្លាប់ អំឡុងហេតុការណ៍អគ្គីភ័យឆាបឆេះ «សាលរៀបចំពិធីមង្គលការ» មួយកន្លែង ក្នុងប្រទេសអ៊ីរ៉ាក់ ចំពេលមានហ្វូងមនុស្សបានចង្អុលទៅកាំជ្រួចនៅក្នុងសាល ហើយគេគិតថា នេះជាមូលហេតុអាចបណ្តាលឱ្យមានអណ្តាតភ្លើង បង្កឱ្យមានការភ័យស្លន់ស្លោ ប្រញាប់ប្រញាល់រត់ចេញតែម្តង។

ក្រៅពីនេះ ក៏មនុស្សជាង ១៥០ នាក់ផ្សេងទៀត បានរងរបួស ដោយសារអណ្តាតភ្លើង ផ្សែងហុយ ខណៈព្យាយាមរត់ចេញពីសាលទទួលភ្ញៀវ ដែលក្រោយមក បានក្លាយជាកំទេចកំទី និងគំនរគ្រឿងសង្ហារិម និងគំនរពិដានដែលដួលរលំ។

លោក នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ សូដានី (Sudani) ដែលបានប្រកាសកាន់ទុក្ខថ្នាក់ជាតិ បីថ្ងៃ បានទាមទារឲ្យមានការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុត ផ្អែកតាមច្បាប់ ដាក់បន្ទុកលើអ្នកទទួលខុសត្រូវចំពោះការធ្វេសប្រហែស ឬការបរាជ័យ ដែលនាំឱ្យមានភ្លើងសោកនាដកម្មនេះ»។

បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាជ្ញាធរបានចាប់ខ្លួនមនុស្ស ១៤ នាក់ ដែលជាម្ចាស់កន្លែង និងបុគ្គលិក ១០នាក់ ព្រមទាំងមនុស្ស ៣ នាក់ ដែលត្រូវបានគេសង្ស័យថា ជាអ្នកបានរៀបចំបាញ់កាំជ្រួច។

លោក ម៉ាទីន អ៊ីឌ្រីស (Martin Idriss) អាយុ ១៩ឆ្នាំ ដែលកំពុងធ្វើការនៅក្នុងផ្ទះបាយ ពេលដែលអគ្គីភ័យបានឆាបឆេះ កាលពីល្ងាចថ្ងៃអង្គារ សប្តាហ៍នេះ បាននិយាយថា «ខ្ញុំគិតថាមានការផ្ទុះមួយ …អណ្តាតភ្លើងបានលេបត្របាក់ ពេញសាលតែម្តង»
លោកបាននិយាយទៀតថា «ពេលខ្ញុំចូលទៅវិញ ខ្ញុំបានឃើញសាកសពក្មេងបីនាក់ ដែលត្រូវភ្លើងឆេះ» ។ លោកបន្ថែមថា ច្រកចេញសង្គ្រោះបន្ទាន់របស់ទីតាំងនោះ បង្ហាញថា «មិនគ្រប់គ្រាន់» សម្រាប់ភ្ញៀវរាប់រយនាក់ ដែលព្យាយាមរត់គេច ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
