សាលាចំនួន ៤៩ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួមគ្នា អនុវត្តន៍នូវយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក» ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»
(កំពង់ឆ្នាំង)៖ សាលាចំនួន ៤៩ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាន រដ្ឋបាលស្រុកបរិបូរណ៌ បានរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅវិទ្យាល័យហ៊ុនសែនបរិបូណ៌ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមជាង ៣ពាន់នាក់។

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអានសារដ៏មានអត្ថន័យរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានសំណូមពរដល់រដ្ឋបាលស្រុក នាយកវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សាដែលបានចូលរួមទាំងអស់ បន្តអនុវត្តន៍នូវយុទ្ធនាការខាងលើឱ្យបានរៀងរាល់សប្តាហ៍ ក្រោយពេលគោរពទង់ជាតិចប់ ដោយប្រើពាក្យស្លោក «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ឯកឧត្តម បន្តថា គិតត្រឹមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ មានសិស្សានុសិស្សចំនួន ១,២៦២,៦០៥នាក់ បានចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលដាក់ចេញដោយក្រសួងបរិស្ថាន។

ឯកឧត្តម បានលើកឡើងយ៉ាងដូច្នេះថា៖ «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ បាននឹងកំពុងទទួលការគាំទ្រ និងការចូលរួម អនុវត្តពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ នៃរាជធានីខេត្តមួយចំនួនជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងរយៈពេលជិត១ខែនេះ គឺមានសិស្សានុសិស្ស ចំនួនជិតមួយលាននាក់ នៃសាលារៀនចំនួនជាង ៩០០០នៅរាជធានី-ខេត្តចំនួន២០ បានស្ម័គ្រចិត្ត ចូលរួម អនុវត្តយុទ្ធនាការនេះ»។

ជាមួយគ្នានេះដែរ លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែកញ្ញា វិស័យឯកជនមួយចំនួន ជាពិសេសរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៥ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង ដែលមានកម្មករជាង ៧,៥០០នាក់ ក៏បានចាប់ផ្តើមស្ម័គ្រចិត្តចូលរួមជាមួយក្រសួង បរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការ មិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១ សប្តាហ៍៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា



