ក្រសួងបរិស្ថាន អាជ្ញាធរស្រុកកំពង់ត្រឡាច និងសិស្សានុសិស្សរួមគ្នាបើកយុទ្ធនាការ « កាត់បន្ថយការប្រើបា្លស្ទិក »

(ខេត្តកំពង់ឆ្នាំង)៖ មន្រ្តីមកពីក្រសួងបរិស្ថាន ,អាជ្ញាធរស្រុកកំពង់ត្រឡាចក្នុង ខេត្តកំពង់ឆ្នាំង និងរួមទាំងសិស្សានុសិស្សមកពីខេត្តចំនួន៣គឺ ខេត្តកំពង់ឆ្នាំង កណ្តាល និង ពោធិ៍សាត់បានរួមគ្នាបើកយុទ្ធនាការ «កាត់បន្ថយការប្រើបា្លស្ទិក» ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» ដែលមានអ្នកចូលរួមប្រមាណជាង ៥០០០នាក់ ។

ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនាវិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣នេះ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បញ្ជាក់ថា ៖ យុ ទ្ធនាការនេះកំពុងបានជួយជំរុញបន្ថែមទៀតដើម្បីសំដៅធ្វើយ៉ាងណាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅលើភពផែនដីរបស់យើងក៏ដូចជានៅខេត្តកំពង់ឆ្នាំពោល គឹយើងបានរៀបចំយុទ្ធនាការនៅថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២៣នេះទូទាំងខេត្តកំពង់ឆ្នាំងតែម្តង ។

លោកជំទាវ បន្តថា ក្នុងថ្ងៃយុទ្ធនាការខេត្តកំពង់ឆ្នាំនេះដែរ ក៏មានពិធីមួយផ្សេងទៀត នៃការចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកណ្តាល ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងមានការចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថានផងដែរ។

ជាមួយគ្នានេះលោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា៖កត្តារីកចម្រើន នៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងភាពស៊ីវិល័យរបស់សង្គម និង ការរស់នៅ បានធ្វើឱ្យការប្រើប្រាស់សម្ភារៈប្លាស្ទិកមានការកើនឡើងក្នុងកម្រិតខ្ពស់ ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម៤ថង់ក្នុង១ថ្ងៃ ហើយសរុបថង់ប្លាស្ទិកប្រើទូទាំងប្រទេសក្នុង១ថ្ងៃ ប្រមាណ ៥៥លានថង់ ដែលគិតជាទម្ងន់ប្រមាណ ២៨០តោន។

ឯកឧត្តម ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ដោយសារកំណើននៃការប្រើប្រាស់ប្លាស្ទិកចាំបាច់ណាស់ត្រូវតែមានការចូលរួមពីគ្រប់ភាគីដើម្បីសំដៅធ្វើយ៉ាងណាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលជាប្រយោជន៍សម្រាប់មនុស្សជំនាន់នេះ និង ជំនាន់ក្រោយៗទៀត។
ឯកឧត្តមលើកឡើងថា”នៅខេត្តកំពង់ឆ្នាំងបានទទួលមធ្យោបាយគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនពីក្រសួងបរិស្ថានមានដូចជា រថយន្តដឹកសំរាម៤គ្រឿង ម៉ូតូកង់បីដឹកសំរាម២គ្រឿង និង ឡដុតសំរាមចំនួន១គ្រឿង។ ក្នុងមួយថ្ងៃមានសំរាមទីប្រជុំជនប្រមាណ ៥៤តោន បានប្រមូលដឹកជញ្ជូនដាក់ទីលាន។ ទីលានដាក់សំរាមបណ្តោះអាសន្នតាមបណ្តាក្រុងស្រុកបច្ចុបុ្បន្នមានចំនួន៨ ក្នុងទំហំដី ៤០,៨១ហិកតា។ ក្រៅពីនេះក៏មានទីលានប្រកបដោយអនាម័យមួយកន្លែងស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង មានផ្ទៃដី១២ហិកតាហើយបច្ចុប្បន្នបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់រួចហើយកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣”។

លោក អាំ សុគន្ធ អភិបាលរងស្តីទី ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង បានឱ្យដឹងថា៖ការបើកយុទ្ធនាការថ្ងៃលោកសង្ឃឹមថានឹងចូលរួមបំផុសដល់សិស្សានុសិស្ស ពលរដ្ឋ សាធារណៈជនដើម្បីឱ្យបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកប្រកបដោយប្រសិទ្ធភាព ជាមួយគ្នានេះរដ្ឋបាលស្រុកសូមធ្វើការគាំទ្រនឹងបន្តអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យបានផុលផុស និងគ្រប់មជ្ឈដ្ឋាន។
គួរបញ្ជាក់ថាក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ចេញពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បី សិស្សានុសិស្សនៅតាមសាលារៀនទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ១ថ្ងៃ ក្នុង១សប្តាហ៍ ឡើងទៅ ដើម្បីភាពស្រស់ស្អាត ផ្តើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាត។

សម្រាប់គិតរហូតមកដល់ពេលនេះដែបើតាមរបាយការណ៍រតួលេខពី ក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងថា រយៈពេលជិតមួយខែនេះ មានសិស្សានុសិស្សចំនួនជាងមួយលាននាក់ មកពីសាលាជាង៩០០០ នៅរាជធានីខេត្តចំនួន២០ បានស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព ៖លោក គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner