រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយចែកជូនកងទ័ព និងនគរបាលឈរជើងការពារព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

(ខេត្តព្រះវិហារ)៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនកងទ័ព និងនគរបាលឈរជើងការពារព្រំដែន ដើម្បីចូលរួមក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងភូមិពាក់ស្បែក ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវការកោតសរសើរ ចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានគាំទ្រយ៉ាងពេញទំហឹង ឥតងាករេ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ បទបញ្ជារបស់ថ្នាក់ដឹកនាំតស៊ូអត់ធ្មត់ ព្យាយាម ក្លាយទៅជាកងទ័ពមានវិន័យ មានកិត្តិយស-សេចក្ដីថ្លៃថ្នូរ និងហ៊ានធ្វើពលិកម្មអាយុជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ ខ្សែបន្ទាត់ព្រំដែន និងការពាររាជរដ្ឋាភិបាល ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា បើទោះបីស្ថានការណ៍ នៅតាមបណ្តោយព្រំដែន ប្រទេសមានសភាពស្ងប់ស្ងាត់ក្តី តែកងទ័ពមិនបានធ្វេសប្រហេស និងមើលស្រាលសភាពការនោះឡើយ ពោលគឺតែងល្បាត ពង្រឹងស្មារតី ការពារបូរណៈភាពទឹកដី មិនឲ្យសត្រូវណាមករំលោភបំពានបានឡើយ សូម្បី ១មីល្លីម៉ែត្រ ។

ឯកឧត្តមមេបញ្ជាការ បន្តក់ថា តាមរយៈចំណងសម្ព័ន្ធមេត្រីភាព រដ្ឋបាលរាជធានីភ្នំពេញ តែងតែបានចងភា្ជប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ ជាប្រចាំយ៉ាងហោចណាស់ បានរៀបចំព្រឹត្តិការណ៍ ២ដងក្នុងមួយឆ្នាំ គឺក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ផងដែរ ។

អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន សម្ភារ ថវិកា និង គ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត ត្រូវបានផ្តល់ជូន កងពលធំអន្តរាគមន៍លេខ៣ ,កងពលតូចអន្តរាគមន៍លេខ៩ ,វរៈនគរបាលការពារព្រំដែន៧៩៣ ,បញ្ជាការដ្ឋានអង្គរក្ស ,កងពលតូចអន្តរាគមន៍លេខ១២៨ ,វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន៥វរៈ ៕

សួន លីណា

ads banner