ពលរដ្ឋជាង៣៤០០គ្រួសារនៅខេត្តពោធិ៍សាត់ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តបាត់ដំបងប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់លិចនៅតំបន់មួយចំនួន ក្នុងនោះពលរដ្ឋជាង៣ ៤០០គ្រួសារក្នុងខេត្តពោធិ៍សាត់កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈរដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នដោយសារតែ កម្រិតទឹកស្ទឹងសង្កែ នៅស្ថានីយក្រុងបាត់ដំបង និងតាមបណ្ដោយដងស្ទឹងសង្កែ បាននឹងកំពុងឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។

របាយការណ៍ការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យដឹងថា ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ស្រុកចំនួន៤ក្នុងខេត្តពោធិ៍សាត់រួមមាន ស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់។ ក្នុងនោះប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣៤១០ គ្រួសារ ស្មើនឹង ២៧៨៥ ខ្នងផ្ទះ ខណៈដែលពលរដ្ឋ ៥៩៨នាក់ ត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព។

របាយការណ៍បញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យខូចខាតផ្លូវចំនួន៨ខ្សែ, លូចំនួន ៦កន្លែង, បាក់ច្រាំង ៦កន្លែង, ទំនប់បង្ហៀរទឹក ១កន្លែង, ខូចខាតដំណាំស្រូវចំនួន ៥៤៤.២ហិកតា, ដំណាំរួមផ្សំ និងសាវប្បកម្ម ចំនួន ២៣ហិកតា (បន្លែ,ល្ហុង), ដំណាំឧស្សាហកម្ម ចំនួន ៥៧៤.៥ហិកតា(ដំឡូងមី, ពោតក្រហម, សណ្តែកបាយ), ដំណាំឈើហូបផ្លែ ចំនួន៥៤៨ហិកតា(ក្រូចពោធិ៍សាត់, ធូរ៉េន, សាម៉ាវ, តាង៉ែន និងចេក), ជម្លៀសសត្វគោក្របីចំនួន ៤៦ក្បាល (ងាប់២ក្បាល) និងខូចខាតសម្ភារៈ មួយចំនួន។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់ឱ្យដឹងថា ស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងរដូវវស្សាពេលមានភ្លៀងធ្លាក់ខ្លាំងតែងបង្ក ទៅជាទឹកជំនន់ជន់លិចនៅតាមតំបន់មួយចំនួនស្ថិតតាមបណ្តោយមាត់ស្ទឹងក្នុងខេត្តពោធិ៍សាត់។

លោកបានបន្តថា នៅឆ្នាំនេះ ជំនន់ទឹកភ្លៀង បង្កឱ្យឱ្យប៉ះពាល់ចំនួន៤ ក្រុង/ស្រុក រួមមាន ស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង, ប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន២១ និង៦៩ភូមិ។

តាមរយៈគេហទំព័ររបស់រដ្ឋបាលខេត្តពោធិ៍សាត់បានបង្ហាញពីសកម្មភាពរបស់អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ខូយ រីដា បានចុះដល់ទីតាំងរងគ្រោះ និងដាក់ចេញវិធានការនានា បង្ការ គ្រោះដល់អាយុជីវិតពលរដ្ឋ។ ជាពិសេសដឹកនាំអាជ្ញាធរ និងកងកម្លាំងរៀបចំទប់ទឹកមាត់ស្ទឹងក្រុងពោធិ៍សាត់ បញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ការជន់លិចនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់នេះ ដោយសារកាលពីពីរថ្ងៃ មុន ភ្លៀងបានធ្លាក់ខ្លាំងនៅជួរភ្នំក្រវាញ ហើយទឹកក៏បានលិចនៅស្រុកវាលវែង។ បន្ទាប់ពីភ្លៀងរាំង ទឹកស្រក នៅផ្នែកខាងលើ ទឹកក៏ហូរទាក់មកស្ទឹងពោធិ៍សាត់ និងលិចផ្នែកខ្លះក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។

ជាមួយគ្នានេះដែរ ក្រោយទទួលបានបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ,ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅបន្តតាមដានស្ថានការណ៍ដោយផ្ទាល់ និងបានដាក់ចេញវិធានការមួយចំនួនបញ្ចៀសផលប៉ះពាល់កុំឱ្យធ្ងន់ធ្ងរ ជាពិសេសការ ពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោក គន់ គីម បានវាយតម្លៃថា ប្រសិនបើមិនមានភ្លៀងធ្លាក់ផ្នែកខាងលើទៀតទេនោះ ស្ថានភាពនៃការ ជន់ លិច ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នឹងធូរស្រាលក្នុងពេលឆាប់ៗខាងមុខនេះ ថែមទាំងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធបន្ត អនុវត្តន៍តាមបទបញ្ជាសម្តេចធិបតីនាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងរដូវវស្សានេះ។

ចំណែកខេត្តបាត់ដំបងឯណេះវិញ រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួន ឱ្យមានការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន កម្រិតទឹកស្ទឹងសង្កែ នៅស្ថានីយ៍ក្រុងបាត់ដំបង និងតាមបណ្ដោយដងស្ទឹង សង្កែ បាននឹងកំពុងឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា បានបញ្ជាល់ថា ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្ត សូមឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែក្នុងស្រុកសំឡូត ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកឯកភ្នំ ជាពិសេសបងប្អូនដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និង សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។

រដ្ឋបាលខេត្តបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ត្រៀមបម្រុងសម្រាប់ការជម្លៀសប្រជាពលរដ្ឋ រងគ្រោះ និងផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដើម្បីចៀសវាងពីបញ្ជ ជំងឺឆ្លងផ្សេងៗ។
ជុំវិញបញ្ហាជន់លិចនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជាទទួលឥទ្ធិពខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ៕ ដោយ៖ វណ្ណ សុជាតា

ads banner