ក្រសួងសាធារណការ រកឃើញរថយន្តផ្ទុកលើសទម្ងន់ជាង៧១ម៉ឺនគ្រឿង ក្នុងចំណោមរថយន្តជាងពីរលានគ្រឿង
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំបួនខែឆ្នាំ២០២៣ លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានរកឃើញ រថយន្តផ្ទុកលើសទម្ងន់ជាង៧១ម៉ឺនគ្រឿង ក្នុងចំណោមរថយន្តដែលត្រូវបានត្រួតពិនិត្យសរុបចំនួនជាងពីរលានគ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងការចុះត្រួតពិនិត្យមន្ដ្រីជំនាញបានរកឃើញរថយន្តផ្ទុកមិនលើសទម្ងន់ចំនួន ១.៥២៨.៨៤០គ្រឿង,រថយន្តផ្ទុកលើសទម្ងន់ចំនួន៧១៧.៣០០គ្រឿងស្មើនឹង៣១ភាគរយ។ ក្នុងនោះមាន រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥ភាគរយ ចំនួន ៧១៥.៥៣៤ គ្រឿង ស្មើនឹង៣១ភាគរយ , រថយន្តផ្ទុកលើសទម្ងន់ ពី ៥ភាគរយ ទៅ ១០ ភាគរយ ចំនួន ២៨គ្រឿង , រថយន្តផ្ទុកលើសទម្ងន់ ១០ ទៅ ២០ភាគរយ ចំនួន ១.៣២៣គ្រឿង, រថយន្តផ្ទុកលើសទម្ងន់លើសពី ២០ភាគរយ ចំនួន ៤១៥ គ្រឿង។

ប្រភពដដែលបញ្ជាក់ថា ពាក់ព័ន្ធនឹងវិធានការករណីខាងលើគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ត្រួតពិនិត្យយានយន្តលើសទម្ងន់ បានពិន័យរថយន្តដឹកលើទម្ងន់សរុបចំនួន ១ ៧៦៦ គ្រឿង មានទឹកប្រាក់សរុបចំនួន ២.៧១០.៥០៩.០០០រៀល (ពីរប៊ីលាន ប្រាំពីររយដប់លាន ប្រាំរយប្រាំបួនពាន់រៀលគត់)។
ទន្ទឹមនឹងនោះ រថយន្តត្រូវ បានឃាត់ទុក ១ឆ្នាំ គិតត្រឹមថ្ងៃទី ២៥ខែកញ្ញា ឆ្នាំ២០២៣ សរុបចំនួន ៣៥៦ គ្រឿង ខណៈដែល រថយន្តបានឃាត់ទុកមិនទាន់គ្រប់១ឆ្នាំ ដែលត្រូវដោះលែងមានចំនួន៩៦ គ្រឿង ។
នៅអំឡុងពេលដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រួតពិនិត្យយានយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់កាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យអនុរដ្ឋលេខាធិការទទួលបន្ទុក, អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍, ប្រធាន, អនុប្រធាន, សមាជិក, សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ៣៣ស្ថានីយ បន្តយកចិត្តទុកដាក់លើការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បន្តទៀត ដើម្បីចៀសវាងការខូចខាតផ្លូវ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចំណាយរាប់លាដុល្លារក្នុងការសាងសង់។

យោងតាមមាត្រា ៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ដែលមិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥ សែនរៀល ។ ផ្ទុកទម្ងន់មិនលើស ៥ ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ ។
មាត្រាដដែលបន្តថា ផ្ទុកទម្ងន់លើសពី ៥ ភាគរយ ទៅ ១០ ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១០ ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ ជាប្រាក់ចំនួន ១០ ម៉ឺនរៀល ក្នុងទម្ងន់ ១ តោន ។ ផ្ទុកទម្ងន់លើសពី ១០ ភាគរយ ទៅ ២០ ភាគរយត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១ ខែ និងពិន័យអន្តរការណ៍ជាប្រាក់ ចំនួន ២០ ម៉ឺនរៀល ក្នុងទម្ងន់ ១ តោន។ ផ្ទុកទម្ងន់លើសពី ២០ ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវវើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១ ឆ្នាំនិងពិន័យអន្តរការណ៍ជា ប្រាក់ចំនួន ៣០ ម៉ឺនរៀលក្នុងទំនិញទម្ងន់ ១ តោន ។ ក្នុងករណីដឹកលើសទម្ងន់លើសកម្រិតអនុគ្រោះនឹងត្រូវផាកពិន័យកាន់តែច្រើន ហើយដកបណ្ណបើកបរ និងព្យួរទុករយៈពេល ២ ឆ្នាំ៕ ដោយ៖ វណ្ណ សុជាតា