ក្រសួងអប់រំ៖ វិស័យធនាគារ និងហិរញ្ញវត្ថុ បានផ្ដល់នូវឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ជាវិស័យមួយដែលបានផ្ដល់នូវឱកាស ការងារជាច្រើនដល់ប្រជាជនកម្ពុជា ស្របពេលដែលស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុកំពុងតែរីកលូតលាស់ដូចផ្សិតគួរឱ្យកត់សម្គាល់ ដែលជាផ្នែកមួយជួយដល់ការលើកកម្ពស់សមិទ្ធកម្មសង្គម-សេដ្ឋកិច្ច។

នេះជាលើកឡើងរបស់ឯកឧត្តម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅអំឡុងពេលបើកកម្មវិធីពិព័រណ៍ជំនាញ និងការងារក្នុងវិស័យធនាគារ (JOBS & SKILLS SUMMIT 2023) បានចាប់ផ្តើមនៅថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៣ នាសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា កាលពីដើមឆ្នាំ២០២៣ សាកលវិទ្យាល័យចំនួន៣ ដែលនៅក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា រួមមាន សាកលវិទ្យាល័យផារ៉ាហ្គុន សាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការពង្រឹងកម្មវិធីសិក្សាក្នុងវិស័យហិរញ្ញវត្ថុឱ្យស្របតាមស្ដង់ដារជាតិ និងអន្តជាតិ។

ឯកឧត្តមបានបញ្ជាក់ថា៖«ក្រោមភាពជាដៃគូនេះ សាកលវិទ្យាល័យកំពូលៗទាំងនោះនឹងរួមបញ្ចូលវិញ្ញាបនបត្រដែល គាំទ្រដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាដែលមានស្រាប់របស់ខ្លួន ដែលផ្តល់ជូនដល់និស្សិតនូវជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារដែលមានគុណភាពខ្ពស់មួយ»។

ឯកឧត្តមបានបន្តថា និស្សិតរាប់ពាន់នាក់ ត្រូវបានរំពឹងថានឹងបញ្ចប់ការសិក្សាជាមួយនឹងចំណេះដឹងដែលត្រៀមរួចជាស្រេចក្នុងឧស្សាហកម្ម និងជំនាញដ៏សម្បូរបែបដែលតម្រូវដោយវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា ហើយត្រូវបានជឿជាក់ថាអាច បំពេញតម្រូវការចាំបាច់របស់ស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

ចំពោះការរៀបចំពិព័រណ៍ជំនាញ និងការងារក្នុងវិស័យធនាគារនេះដែរ លោក ស៊ូ វិសាល នាយកគ្រប់គ្រង វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ(IBF) បានឱ្យដឹងថា ព្រឹត្តិការពិព័រណ៍ការងារ និងជំនាញក្នុងវិស័យធនាគារ ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩ និង៣០ ខែកញ្ញា ដោយព្រឹត្តការណ៍ត្រូវបានគេរំពឹងថា នឹងមានសាធារណៈជន និងសិស្សនិស្សិតចូលរួមរាប់ពាន់នាក់។

លោកបានគូសបញ្ជាក់ថា៖«នាឱកាសនេះ IBF ក៏បានសហការជាមួយមជ្ឈមណ្ឌលការងារ NUM Career Center និង អ្នកជំនាញក្នុងវិស័យ ក្នុងការរៀបចំជាពិសេស វគ្គបណ្តុះបណ្តាលខ្លីៗ ទាក់ទងទៅនឹងជំនាញទន់ និងជំនាញរឹង ក្នុងការត្រៀម ចាប់យកឱកាសការងារ ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅពេលបច្ចុប្បន្ន និងពេលអនាគត» ។

សូមជម្រាបថា ពិព័រណ៍ជំនាញ និងការងារក្នុងវិស័យធនាគារ មានគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុជិត ២០ ស្ថាប័ន ចូលរួមដាក់តាំងស្តង់បង្ហាញពីឱកាស ការហាត់ការ និងការងារ ជាង៤០០០មុខតំណែង ខណៈដែលសិស្ស និស្សិត និង សាធារណៈជន ក៏មានឱកាសសិក្សាស្វែងយល់ឱ្យស៊ីជម្រៅបន្ថែម អំពីវប្បធម៌ ការងារ ផែនការបណ្ដុះបណ្តាល និង អត្ថប្រយោជន៍ផ្សេងៗរបស់គ្រឹះស្ថានផងដែរ ៕ ដោយ៖ វណ្ណ សុជាតា

ads banner