ជប៉ុនគ្រោងបញ្ជូនយានអវកាសពិសេសមួយទៅកាន់ឋានព្រះច័ន្ទក្នុងរយៈពេល១០ឆ្នាំទៀត
ជប៉ុន៖ ទីភ្នាក់ងារអវកាសជប៉ុន ចាហ្ស៊ា និងក្រុមហ៊ុន តូយ៉ូតា របស់ជប៉ុន បានឈានដល់ការចុះកិច្ចព្រមព្រៀងមួយ ស្ថិតក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍យានជំនិះធំ និងអស្ចារ្យមួយ សម្រាប់ដឹកអវកាសយានិកនៅលើឋានព្រះច័ន្ទ ។
ក្នុងអំឡុងពេលសរុប០៣ឆ្នាំនៃកិច្ចប្រឹងប្រែងសិក្សាស្រាវជ្រាវរួមគ្នា ពោលគឺចាប់ពីខែមិថុនា ឆ្នាំនេះរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ ភាគីទំាងពីរនឹងផលិត ធ្វើតេស្ត និងវាយតម្លៃលើយានជំនិះគំរូមួយចំនួន ក្នុងគោលបំណងសម្រេចឲ្យបាននូវយាន រ៉ូវើ មួយគ្រឿងសម្រាប់ដឹកអវកាសយានិក និងធ្វើការរុករកនៅលើផ្ទៃព្រះច័ន្ទ ដែលវាគឺជាផ្នែកនៃគម្រោងអន្តរជាតិមួយ ។
បើតាមការគ្រោងទុកនោះ ភាគីទំាងពីរនឹងអាចទទួលបានយានជំនិះពិសេសមួយ ដែលអាចបញ្ជូនទៅព្រះច័ន្ទនៅឆ្នាំ២០២៩បាន ហើយយានអវកាសនេះនឹងអាចទទួលបានការចាប់អារម្មណ៍ពីអតិថិជនមួយចំនួន រួមមានអង្គការ ណាសា ទីភ្នាក់ ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ដែលសុទ្ធតែមានគម្រោងចង់បង្កើតមូលដ្ឋាននៅលើឋានព្រះច័ន្ទ ៕ធ.ដ



