មន្រ្តីក្រសួងកសិកម្ម៖ ក្រសួងបានពង្រាយនិស្សិតនិងយុវជនស្ម័គ្រចិត្ត ២០០ នាក់ នៅឃុំដែលសម្បូរផលិតកម្មស្រូវ
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ បានឱ្យដឹងថា ក្រសួងបានដាក់ពង្រាយនិស្សិតនិងយុវជនស្ម័គ្រចិត្ត ២០០ នាក់ នៅឃុំចំនួន ២០០ ជាឃុំដែលសម្បូរផលិតកម្មស្រូវ ដើម្បីចូលរួមការងារកសាងប្រព័ន្ធពូជសុទ្ធនិងលើកស្ទួយប្រសិទ្ធភាពសេដ្ឋកិច្ចនៃផលិតកម្មស្រូវរបស់គ្រួសារកសិករ។
ឯកឧត្តម យ៉ងសាំង កុមារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះថា ការបង្កើនធនធានមនុស្សសម្រាប់វិស័យស្រូវអង្ករ គឺរឿងសំខាន់និងជាការងារអាទិភាពមួយសម្រាប់ក្រសួងកសិកម្ម ខណៈដែលកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀត ដែលនាំចេញអង្ករ ទៅកាន់ទីផ្សារពិភពលោក។
ឯកឧត្តមបានបញ្ជាក់ថា៖«ការពង្រាយមន្រ្តីកសិកម្មឱ្យបានគ្រប់ឃុំនៅទូទាំងប្រទេស គឺជាកិច្ចការសំខាន់បំផុតសម្រាប់គ្រួសារកសិករនិងវិស័យកសិកម្មជាតិទាំងមូល។សម្រាប់មន្រ្តីកសិកម្មនៅតាមឃុំ ក្រសួងនឹងរៀបចំទៅតាមជំនាញរបស់ពួកគេ ដោយអ្នកជំនាញស្រូវដាក់ទៅតំបន់ស្រូវ និងអ្នកជំនាញដំណាំដាក់ទៅតំបន់ដំណាំ តែឥឡូវយើងចាប់ផ្តើមដំបូង ដាក់ជំនាញស្រូវសិន »។

«ថ្ងៃទី២៩កញ្ញានេះ ខ្ញុំបានចូលរួមជាគ្រូបណ្តុះបណ្តាលនិងធ្វើការតម្រង់ទិសដល់យុវជនស្ម័គ្រចិត្តលើការងារកសាងប្រព័ន្ធពូជសុទ្ធនៃផលិតកម្មស្រូវអង្ករមានគុណភាពខ្ពស់សម្រាប់ការនាំចេញ។វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្មនៅស្ថានីយកសិកម្មព្រៃផ្តៅ ខេត្តកំពង់ស្ពឺ»។ ឯកឧត្តម យ៉ង សាំងកុមារបានបញ្ជាក់បន្ថែម។
លោកបានបន្តថា ក្រៅពីការដាក់ពង្រាយមន្រ្តីកសិកម្ម នៅតាមឃុំហើយ ក្រសួងកសិកម្មនឹងអនុវត្ត តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដោយក្រសួងកសិកម្មនឹងខិតខំប្រឹងប្រែងបន្តការស្រាវជ្រាវ ដើម្បីរៀបចំយន្តការឱ្យឆ្លើយតបនឹងការអភិវឌ្ឍក្នុងវិស័យកសិកម្ម រាប់ទាំងការរៀបចំសមាគមកសិករ ដើម្បីចៀសវាងការបង្អាប់តម្លៃពីឈ្មួញ ជំរុញឱ្យមានស្ថិរភាពតម្លៃ ជាពិសេសការជំរុញការធ្វើកិច្ចសន្យាកសិកម្មឱ្យបានច្រើន។

សូមជម្រាបថា គោលនយោបាយដាក់ពង្រាយមន្រ្តីឃុំ ចំនួន១៦០០ នាក់នៅតាមឃុំដែលមានសកម្មភាពកសិកម្មនៅទូទាំង២៥រាជធានី-ខេត្ត ជាគោលនយោបាយអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៧ នេះ។ គោលនយោបាយនេះ ត្រូវបានលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា នឹងជួយរក្សាតម្លៃកសិផលរបស់ប្រជាកសិករកម្ពុជា និងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់កសិករក៏ដូចជាលើកកម្ពស់វិស័យកសិកម្មកម្ពុជាទាំងមូលផងដែរ៕ ដោយ៖ វណ្ណ សុជាតា