ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ អំពាវនាវព្រះសង្ឃ ប្រឹងប្រែងសិក្សារៀនសូត្រ បង្កើនចំណេះដឹងទាំងផ្លូវព្រះពុទ្ធសាសនា និងចំណេះដឹងទូទៅ
(កំពង់ធំ)៖ ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ បានអំពាវនាវព្រះសង្ឃ នៅតាមសាលា ពុទ្ធកសិក្សាទាំងអស់ ប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹងទាំងផ្លូវព្រះ ពុទ្ធ សាសនា និងចំណេះដឹងទូទៅ។ ដោយឡែកចំពោះការខ្វះខាតសម្ភារៈ សិក្សានៅក្នុង ការ សិក្សា គឺឯកឧត្តម និងលោកជំទាវ នឹងជួយឧបត្ថម្ភ ធ្វើយ៉ាងណា ឱ្យតែព្រះសង្ឃ បានរៀន សូត្រគ្រប់គ្រាន់។

ឯកឧត្តម ជា ចាន់តូ ប្រធានកិត្តិយសធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានស្នើសុំដូចនេះក្នុងពិធីកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តមួយចំនួន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ដែលនេះជាពេលវេលាមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាមនានា ។

បុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតជាច្រើន នៃប្រពៃណីព្រះពុទ្ធសាសនារបស់ពុទ្ធសាសនិក ប្រជារាស្រ្តខ្មែរតាំងពីបុរាណរៀងមក។
ក្នុងពិធីកាន់បិណ្ឌទី១នេះ ជាការប្រតិបត្តិទៅតាមទំនៀមទំលាប់ប្រពៃណី នៃព្រះពុទ្ធសាសនា មានពីធីនមស្សកា ព្រះរតនត្រ័យ សមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត រាប់ បាត្រ បង្សុកូល វេរចង្ហាន់ និងគ្រឿងបរិក្ខាប្រគេនព្រះសង្ឃផងដែរ ។

បន្ទាប់ពីថ្វាយគ្រឿងសក្ការៈបូជា នមស្សការថ្វាយព្រះរតនៈត្រៃ សមាទានសីល ទៅតាមទំនាម ទម្លាប់ប្រពៃណីសាសនារួចមក ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងសហការី និងប្រជាពលរដ្ឋ បានអញ្ជើញយកចង្ហាន់រាប់បាត្រ និងបង្សុកូល ឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន យុទ្ធជនពលីជិវិត ដើម្បីបុព្វហេតុជាតិ និងឧទ្ទិសកុសល់ដល់សាច់ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅបរលោកខាងមុខ និងបួងសួង សូមឱ្យជួបតែសេចក្តីសុខសប្បាយគ្រប់ពេលវេលា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

