មន្រ្តីក្រសួងមហាផ្ទៃ៖ ពលរដ្ឋអាចដាក់ពាក្យស្នើសុំកែទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាននៅមូលដ្ឋានបាន មិនចាំបាច់ឡើងមករាជធានីភ្នំពេញនោះទេ

អត្ថបទដោយ៖
CPA

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តម ទូច សុឃៈ បានឱ្យដឹងថា ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំកែ និងមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី-ខេត្ត ដែលខ្លួនកំពុងរស់នៅ ដោយមិនចាំបាច់ដាក់ពាក្យស្នើមកកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅភ្នំពេញនោះទេ ។

យោងតាមសារសំឡេងរបស់ឯកឧត្តម ទូច សុឃៈ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ បញ្ជាក់ថា ជាគោលការណ៍ ការស្នើសុំកែ និងមោឃភាពទិន្នន័យអត្រានុកូលដ្ឋាននេះ ត្រូវបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០១៧ មកម៉្លេះ ដោយមិនគិតថវិកានោះទេ ។ ចំពោះការស្នើសុំកែ និងមោឃភាពទិន្នន័យនេះ ប្រជាពលរដ្ឋត្រូវភ្ជាប់មកជាមួយនូវឯកសារដែលប្រើប្រាស់ផ្លូវការនិងអចិន្ត្រៃយ៍។

លោកថ្លែងថា៖ « គោលការណ៍នេះ គឺបានចាប់ផ្តើមសាកល្បងតាំងពីឆ្នាំ ២០១៧ មក ពោលគឺតាំងពីរាជកាល ដែល
សម្តេចក្រឡាហោម ស ខេង នៅជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ គឺសាកល្បងពីរឆ្នាំ រហូតដល់ឆ្នាំ ២០១៩ បានក្រសួងមហាផ្ទៃចេញសេចក្តីសម្រេច បន្តនុវត្តគោលការណ៍ផ្តល់សមត្ថកិច្ចឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចកែប្រែទិន្នន័យ និងមោឃភាពនៃបញ្ជីអត្រានុកូលដ្ឋាន រហូតមកទល់បច្ចុប្បន្ន» ។

បើតាមឯកឧត្តម ទូច សុឃៈ ក្នុងរយៈពេលនៃការចេញសេចក្តីសម្រេចកែប្រែ និងមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាននេះគឺមានរយៈពេល៣០ថ្ងៃក្នុងថ្ងៃធ្វើការ។ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាមួយនេះឱ្យបានកាន់តែប្រសើរ និងរហ័ស ព្រមទាំងកាន់តែជិតប្រជាពលរដ្ឋរស់នៅ, តាមរយៈការសិក្សារបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងប្រគល់ទាំងស្រុកទៅថ្នាក់រដ្ឋបាល រាជធានីខេត្ត ក្រុងស្រុក ខណ្ឌ ក្នុងការកែ និងមោឃភាពជូនប្រជាពលរដ្ឋ។

សេចក្ដីណែនាំស្តីពីការបន្តដំណើរការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនបញ្ជីអត្រានុកូលដា្ឋន ចុះហត្ថលេខាដោយអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង កាលពីខែ ធ្នូ ឆ្នាំ ២០១៩ បានបញ្ជាក់ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យទទួលបានសេវាកែតម្រូវ និងធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន កាន់តែងាយស្រួល និងទូលំទូលាយ។ សេចក្តីណែនាំបន្តថា ៖«បច្ចុប្បន្ន ប្រជាពលរដ្ឋកាន់តែច្រើនបានទទួលព័ត៌មានអំពីដំណើរការ និងនីតិវិធីនៃការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាននៅក្រសួងមហាផ្ទៃនេះ ហើយបន្តគាំទ្រ និងមកស្នើសុំកែតម្រូវ និងធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន តាមរយៈរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ»។

បើតាមសេចក្តីណែនាំ ទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន អាចកែតម្រូវបាន គឺជាទិន្នន័យដែលបានសរសេរខុស ឬភាន់ច្រឡំព័ត៌មាន ដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ដូចជា ការខុសឆ្គងអក្ខរាវិរុទ្ធលើ នាមត្រកូល និង/ឬនាមខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន ឬ របស់ឪពុក ឬរបស់ម្តាយ (មានន័យថាសូរសំឡេងដូចគ្នា ឬប្រហាក់ប្រហែលគ្នាប៉ុន្តែការសរសេរខុសគ្នា)។ ការសរសេរខុស “ភេទ” នៅពេលចុះបញ្ជីដូចជា ភេទ “ប្រុស” តែសរសេរដាក់ថាភេទ “ស្រី” ឬ ភេទ “ស្រី” តែសរសេរដាក់ថាភេទ “ប្រុស”។ ការចុះបញ្ជីដោយភាន់ច្រឡំលើថ្ងៃខែឆ្នាំកំណើតរបស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្ដាយ ជាដើម៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner