សមាគមក្លឹបទេសចរណ៍សៀមរាប បើកព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល ដើម្បីជួយដល់យុវជនមកពីគ្រួសារក្រីក្រ៣០០នាក់ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលលើផ្នែកទេសចរណ៍
(សៀមរាប)៖ សមាគមក្លឹបទេសចរណ៍សៀមរាប នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំបើកការប្រកួតកីឡាវាយកូនហ្គោល ដើម្បីរៃអង្គាសថវិកាជួយយុវជន និងយុវតីមកពីគ្រួសារក្រីក្រចំនួន៣០០នាក់ ដែលកំពុងសិក្សាទ្រឹស្ដី និងអនុវត្ត ហើយស្នាក់នៅជាមួយសមាគមរយៈពេល ៦ខែ។

លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានអោយដឹងថា តាមរយៈគម្រោង Pre-Employment Program របស់សមាគមក្លឹបទេសចរណ៍សៀមរាប ដែលគម្រោងនេះ ផ្តោតសំខាន់ទៅលើ យុវជន យុវតីនៅតាមតំបន់ដាច់ស្រយាល ជាពិសេសយុវជនគោលដៅទាំង ១២ស្រុកនៃ ខេត្តសៀមរាប។ ដែលពួកគាត់មានជីវភាពក្រីក្រ ភាគច្រើនមកពីគ្រួសារជាកសិករធ្វើស្រែចំការ គ្រួសារដែលមាន ចំណូលទាបនាំឱ្យភាគច្រើនបោះបង់ការសិក្សា ឬទទួលការអប់រំកម្រិតទាបនៅថ្នាក់មូលដ្ឋាន។

លោក បន្តថា ដោយឃើញពីបញ្ហាប្រឈមទាំងនេះ សមាគមក្លឹបទេសចរណ៍សៀមរាប (S.T.C) ដែលជាស្ថាប័នមិនផ្តោតលើប្រាក់ចំនេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្នុងគោលបំនង បណ្តុះបណ្តាលបង្កើនសមត្ថភាព ដល់យុវជនងាយរងគ្រោះ ដែលដើរស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ហ្វីលីព បន្តទៀតថា ចំពោះព្រឹត្តិការណ៍ប្រកួតកីឡា វាយកូនហ្គោលមនុស្សធម៌នេះ ទទួលបានការចូលរួមពីសំណាក់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិយ៉ាងច្រើន ហើយការចូលរួមគាំទ្រព្រឹត្តិការណ៍វាយកូនហ្គោលនេះ ពិតជាបានរួមចំណែកជួយដល់ការផ្លាស់ប្ដូរអនាគតរបស់យុវជន យុវតីទាំង៣០០នាក់នោះ។

លោក ហ្វីលីព ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់សប្បុរសជនកន្លងមក ដែលរំលេចភាពជាដៃគូដ៏ល្អឥតខ្ចោះ និងដើរលើឆន្ទៈរួមមួយ គឺជួយក្មេងៗដែលខ្វះខាតឱ្យមានឱកាសបានទទួលការសិក្សាបង្កើតការងារដល់ពួកគាត់បណ្ដុះគោលដៅ និងអាជីពមួយជាក់លាក់សម្រាប់អនាគតពួកគាត់ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ចូលរួមលើកកម្ពស់ជាពិសេសក្មេងស្រីអោយមានអាជីព ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ លោកថា “សិស្សយើងទាំង៣០០នាក់ពិតជាសំណាងដែលទទួលបានឱកាសមាសឱកាសប្រាក់នេះ”។

លោក ហ្វីលីព សែតកៅ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលក្រៅពី ដើម្បីមនុស្សធម៌ ក៏ជាការព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលទេសចរណ៍កីឡា ហើយនៅក្នុងអំឡុងកូវីដ១៩ដោយមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាបសមាគម ក៏បានរៀបចំធ្វើព្រឹត្តិការណ៍នេះចំនួន០៣ដងរួចមកហើយ ដើម្បីបំផុសបំផុលអំពីសក្តានុពលទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីទាក់ទាញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកឱ្យកម្សាន្តនៅខេត្តសៀមរាបឡើងវិញ៕
ដោយ ស៊ាន សុផាត
