នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ទិសដៅការងារមួយចំនួន ដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបន្តអនុវត្ត
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថរយៈពេល៩ខែ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងអំណរគុណ និង កោតសរសើរដល់អង្គភាពស្ថាប័ន ដែលមានស្នាដៃក្នុងការកសាងអង្គភាព ការប្រតិបត្តិតួនាទី ភារកិច្ចចំពោះនាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ ពង្រឹងការអនុវត្តច្បាប់ រួមចំណែកកសាងកម្ពុជា ជាប្រទេសនីតិរដ្ឋ ព្រមទាំងដាក់ចេញនូវវិធានការណ៍ និង អនុវត្តនូវពាក្យស្លោករបស់កងរាជអាវុធហត្ថរួមមាន៖ ទី១. កសាង ហ្វឹកហ្វឺន និងប្រតិបត្តិការ សម្រាប់ប្រតិបត្តិតួនាទី ភារកិច្ច ធានាបាននូវប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ទី២. ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ និងទី៣. ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់បន្ថែមថា សម្រាប់មេបញ្ជាការឬប្រធានស្ថាប័ន ការងារគ្រប់គ្រងកម្លាំង ត្រូវធ្វើកិច្ចការងារ ៧យ៉ាង៖ ហូប ស្លៀក ដេក ព្យាបាល អប់រំរៀនសូត្រ មធ្យោបាយធ្វើដំណើរ កំសាន្តសប្បាយ។ តូ្រវពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងតូច ទាំងធំ ត្រូវស្វែងរកកន្លែងផលិត ស្តុក ដឹកជញ្ជូន ចែកចាយ ក្នុងនោះផងដែរត្រូវយកចិត្តទុកដាក់គ្រប់គ្រងអាវុធ ជាតិផ្ទុះ ឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានប្រមានធ្ងន់ៗផងដែរនិងធ្វើការ លប់ឈ្មោះចេញពីក្របខណ្ឌអាវុធហត្ថជាស្វ័យប្រវត្តិ ចំពោះអាវុធហត្ថរូបណាដែលប្រើប្រាស់គ្រឿងញៀន អនុវត្តវិន័យទណ្ឌកម្មអាវុធហត្ថរូបណាដែលបំពានវិន័យ លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ វិជ្ជាជីវៈកងរាជអាវុធហត្ថ។ សំរាប់ថវិកាមហាគ្រួសារកងរាជអាវុធហត្ថចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ តទៅ មិនត្រូវបានផ្តល់ចំពោះយោធិននៃកងរាជអាវុធហត្ថណាដែលបង្ករគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងតាមគ្រប់រូបភាព ។ បន្តពង្រឹងរចនាសម្ពន្ធចាត់តាំង អប់រំ ហ្វឹកហ្វឺន បណ្តុះបណ្តាលជាប្រចាំ និង ត្រូវគ្រប់គ្រងកម្លាំងឱ្យចំគោលដៅ ៕
ដោយ ង៉ាន់ ទិត្យ


