នាយករដ្ឋមន្ត្រីថៃនឹងបរិច្ចាគប្រាក់បៀវត្សរ៍ ជូនសប្បុរសជន
បាងកក៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក Chai Watcharong បាននិយាយថា នាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន បានសម្រេចបរិច្ចាគប្រាក់បៀវត្សរ៍ប្រចាំខែ និងប្រាក់ឧបត្ថម្ភរបស់ខ្លួន ដល់អង្គការសប្បុរសធម៌ដែលជួយជនងាយរងគ្រោះ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះ បាននិយាយ នាពេលថ្មីៗនេះ ដោយបានបន្ថែមទៀតថា អង្គការសប្បុរសធម៌ដែលនឹងទទួលបានបរិច្ចាគប្រាក់បៀវត្សរ៍ទាំងនេះ នឹងត្រូវជ្រើសរើស ដោយក្រុមការងារ របស់លោកនាយករដ្ឋមន្ត្រីផ្ទាល់។
លោក Chai Watcharong បានបន្ថែមថា ការបរិច្ចាគលើកដំបូងនឹងធ្វើឡើងដល់មូលនិធិសម្រាប់កុមារ ជាអង្គការមិនរកប្រាក់ចំណេញ ដែលលើកកម្ពស់សិទ្ធិកុមារ ការអប់រំ និងសុខុមាលភាព ដោយផ្តល់ឱកាសដល់កុមារក្រីក្រ និងគ្មានផ្ទះសម្បែង ដើម្បីអភិវឌ្ឍសមត្ថភាពរាងកាយ បញ្ញា និងច្នៃប្រឌិតរបស់ពួកគេ។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះដដែល ក្រៅពីការបរិច្ចាកប្រាក់បៀវត្សរ៍ លោកនាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយនាយកប្រតិបត្តិនៃអង្គការសប្បុរសធម៌ ដើម្បី ស្តាប់កង្វល់ និងបញ្ហារបស់ពួកគេ ដើម្បីស្វែងរកដំណោះស្រាយទៀតផង។
លោក Chai Watcharong បានបន្តថា លោកនាយករដ្ឋមន្ត្រី ស្រេថា ដែលក៏ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុធ្លាប់បាននិយាយថា «ការផ្តល់បែបនេះ គឺជារឿងល្អ ដែលអ្នកណាក៏អាចធ្វើបាន តាមរបៀបដែលពួកគេពេញចិត្ត ដោយលោកនាយករដ្ឋមន្ត្រី ចាប់ផ្តើមពីខ្លួនលោកតែម្តង»។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃ ស្រេថា ទទួលបានប្រាក់កម្រៃ ១២៥ ៥៩០ បាត ឬប្រមាណ ៣៤០០ដុល្លារអាមេរិក ក្នុងមួយខែ រួមបញ្ជូលទាំងប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗ។
លោកនាយករដ្ឋមន្ត្រីធ្លាប់ជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Sansiri Plc នៅប្រទេសថៃ។ តែមុនពេលចូលប្រឡូកក្នុងឆាកនយោបាយ នៅដើមឆ្នាំ២០២៣នេះ លោក ស្រេថា បានលាឈប់ពីតំណែងកំពូលរបស់ក្រុមហ៊ុននេះ ហើយបានផ្ទេរភាគហ៊ុនទាំងអស់ ក្នុងក្រុមហ៊ុន ដែលមានតម្លៃជាង ១.២ ពាន់លានបាត ឬ ប្រមាណជាង៣២លានដុល្លារអាមេរិក ទៅឱ្យកូនស្រីរបស់លោក៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត