ប្រធានាធិបតីអ៊ុយក្រែន Zelensky បើកវេទិកាដើម្បីទាក់ទាញអ្នកផលិតអាវុធ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបើកវេទិកា «ឧស្សាហកម្មការពារជាតិអន្តរជាតិ» លើកដំបូងរបស់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងទាក់ទាញក្រុមហ៊ុនផលិតអាវុធបន្ថែមទៀត ក្នុងប្រទេសនេះ ហើយបានជួបជាមួយតំណាងក្រុមហ៊ុនផលិតសព្វាវុធមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង ទួកគី ស៊ុយអែត និងឆែក។

រដ្ឋាភិបាលអ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើជំនួយរបស់លោកខាងលិច ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពាន កាលពីឆ្នាំមុន ប៉ុន្តែក៏កំពុងប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីជំរុញឧស្សាហកម្មអាវុធក្នុងស្រុករបស់ខ្លួន ចំពេលមានការភ័យខ្លាចថា ការគាំទ្រពីសម្ព័ន្ធមិត្តអាចនឹងបាត់បង់នោះ។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថា នៅពេលប្រកាសបើកវេទិកា «ឧស្សាហកម្មការពារជាតិអន្តរជាតិ» កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា «ភារកិច្ចដំបូងរបស់យើងគឺឈ្នះសង្រ្គាមនេះ ហើយប្រគល់មកវិញ នូវសន្តិភាពយូរអង្វែង ហើយសំខាន់បំផុត គឺសន្តិភាពដែលអាចទុកចិត្តបានដល់ប្រជាជនរបស់យើង»។

លោកប្រធាធិបតីអ៊ុយក្រែនរូបនេះបានបន្តថា «យើងនឹងសម្រេចកិច្ចការនេះ តាមរយៈកិច្ចសហប្រតិបត្តិការរបស់យើងជាមួយអ្នកទាំងអស់គ្នា»

លោក Zelensky បាននិយាយទៀតថា «យើងចាប់អារម្មណ៍ក្នុងការធ្វើ «មូលដ្ឋានីយកម្មការផលិតអាវុធ» ដែលចាំបាច់សម្រាប់ការពារជាតិរបស់យើង… និងប្រព័ន្ធការពារកម្រិតខ្ពស់ដែលប្រើប្រាស់ដោយទាហានរបស់យើង ដែលផ្តល់ឱ្យអ៊ុយក្រែននូវលទ្ធផលល្អបំផុត នាពេលបច្ចុប្បន្ននេះ»។

គួរបញ្ជាក់ថា មន្ត្រីមកពីជាង ៣០ ប្រទេស និងក្រុមហ៊ុនផលិតអាវុធចំនួន ២៥០ ត្រូវបានប្រមូលផ្តុំគ្នា សម្រាប់វេទិកា «ឧស្សាហកម្មការពារជាតិអន្តរជាតិ» នេះ ហើយវេទិកានេះត្រូវបានរៀបចំឡើង ស្របពេលដែលលោក Zelensky បញ្ចុះបញ្ចូលប្រទេសលោកខាងលិច ផ្គត់ផ្គង់អាវុធបន្ថែមទៀត ដើម្បីធ្វើការវាយលុកប្រឆាំងនឹងរុស្ស៊ី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner