សម្ដេចតេជោ ហ៊ុន សែន ប្រាប់ប្រធានអង្គការ IFAD ឱ្យជួយពិនិត្យមើល និងចែករំលែកនូវបទពិសោធន៍ ដល់កម្ពុជា ពាក់ព័ន្ធនឹងការនាំអង្ករចេញឱ្យបាន ១លានតោន ខណៈបច្ចុប្បន្ន កម្ពុជា នាំចេញអង្ករបានតែ ៥០% ប៉ុណ្ណោះ

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Gilbert Houngbo ប្រធានអង្គការ IFAD កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អង្គការ IFAD គឺជាដៃគូដ៏ល្អដែលធ្លាប់ធ្វើការរួមគ្នា ជារៀងដរាបមក ជាពិសេស លើវិស័យកសិកម្ម។ ចំពោះកម្ពុជា វិស័យកសិកម្ម គឺមានការព្រួយបារម្ភ ទៅលើ៖ ទី១/ផលិតកម្ម, ទី២/ការនាំចេញ នោះគឺសំដៅដល់ទីផ្សារតែម្ដង ។

ពាក់ព័ន្ធនឹងការនាំចេញ កាលដើមឡើយនៅកម្ពុជា បានដាក់ចេញនូវគោលនយោបាយនាំអង្ករចេញ ១លានតោន ប៉ុន្តែគោល នយោបាយនេះ មិនបានទទួលជោគជ័យទេ គឺជោគជ័យតែ ៥០%ប៉ុណ្ណោះ នោះគឺការផលិតស្រូវ គឺមានការកើនឡើងតាមគោលដៅមែន ប៉ុន្តែការនាំចេញ គឺពុំទាន់បានទទួលជោគជ័យនៅឡើយ ។ កត្តាមិនជោគជ័យ គឺមូលហេតុមកពីទី១-បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន គឺផលិតស្រូវអង្ករ ដើម្បីនាំចេញដូចគ្នាដែរ, ទី២-ការផលិតរបស់កម្ពុជាយើង គឺនៅមានតម្លៃខ្ពស់នៅឡើយ ក្នុងន័យនេះ សម្តេច ក៏បានស្នើសុំឲ្យអង្គការ IFAD ជួយពិនិត្យមើលចែករំលែកនូវបទពិសោធន៍ដល់កម្ពុជា ។

ក្រោយចប់ជំនួបជាមួយប្រធានអង្គការ IFAD ឯ,ឧ អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋ មន្ត្រី បានប្រាប់អ្នកសារពត៌មានថា លោក ហ៊ុងបូ បានគោរពសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យប្រតិភូរបស់លោក បានចូលជួបសំដែង ការគួរសមផង ដើម្បីស្វែងយល់អំពីស្ថានភាពកសិកម្មនៅកម្ពុជាផង ។ លោកបានមានប្រសាសន៍ថា លោកបានមកកម្ពុជាប៉ុន្មានឆ្នាំមុន ប៉ុន្តែនៅពេលដែលលោកបានមកដល់កម្ពុជានៅពេលនេះ ឃើញថា កម្ពុជា មានការប្រែមុខប្រែមាត់ និងមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើឱ្យលោកមានចំណាប់អារម្មណ៍ និងគោរពនូវវីរភាពដឹកនាំរបស់សម្ដេចយ៉ាងខ្លាំងជាទីបំផុត ។ ក្នុងឱកាសនេះ លោកបានគោរពស្នើសុំសម្ដេចតេជោ ស្វែងយល់ពីស្ថានភាពកសិកម្មនៅកម្ពុជា ព្រោះនៅថ្ងៃទី២៧ ខែកក្កដា លោកនឹងទៅខេត្តកណ្ដាល ដើម្បីពិនិត្យមើលស្ថានភាពកសិកម្មនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការបារម្មណ៍របស់កម្ពុជាក្រៅពីការនាំចេញ អង្កររួមមាន៖ ការកើនឡើងរបស់ប្រជាជនកម្ពុជាយើង ដែលតម្រូវការទំហំដី សម្រាប់ធ្វើកសិកម្មកាន់ តែច្រើនឡើង, ក្នុងន័យនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូថា កម្ពុជា កំពុង តែធ្វើយ៉ាងណាឲ្យប្រជាកសិករយើង ធ្វើការដាំដុះនៅលើទីតាំងដីដែលសមស្របនឹងដំណាំកសិកម្ម ដែលអាចទទួលបានផលច្រើន និងជំរុញការអនុវត្តប្រពលវប្បកម្មនោះសោត គឺជំរុញការដាំដុះ ដើម្បី ឲ្យបានទទួលផលច្រើននៅលើផ្ទៃដីដែលមានស្រាប់ ដោយពុំចាំបាច់ធ្វើការពង្រីកផ្ទៃដីឡើយ ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូផងដែរ អំពីកង្វល់របស់កម្ពុជាយើង លើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលតម្រូវឲ្យមានការសិក្សាស្រាវជ្រាវ ដើម្បីធ្វើយ៉ាងណាឲ្យមានពូជ ដែលអាច បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្ដេចបានជម្រាបជូនប្រតិភូថា កម្ពុជា បានដាក់ចេញនូវ អាទិភាព៤ កាលពីឆ្នាំ១៩៨៥ម៉្លេះ នោះគឺ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ប៉ុន្តែពេលនេះ អាទិភាព នេះ ក៏បានប្រែប្រួលទៅជាមនុស្ស ទឹក ផ្លូវ ភ្លើងវិញ, ហើយការប្រែប្រួលនេះទៀត គឺបន្ទាប់ពីមានការ វិវត្តន៍ជាច្រើនកន្លងមក ជាពិសេស ការតភ្ជាប់ពីតំបន់១ទៅតំបន់១ នៃតំបន់ជនបទកម្ពុជា, ក្នុងន័យនេះ ឯង ដែលធ្វើឱ្យកម្ពុជា អាចទ្រទ្រង់នៃកំណើនសេដ្ឋកិច្ចដល់ប្រមាណ ៧% ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ នោះគឺដោយសារការតភ្ជាប់ និងដោយសារការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចទៅដល់ជន បទដោយសមធម៌នេះឯង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner