ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញបើកការដ្ឋានកសាងផ្លូវបេតុង ២ខ្សែ ប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ
តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះជួយស្រុកបាទី កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបើកការដ្ឋានកសាងផ្លូវបេតុង ២ខ្សែ ប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រច្រើលលើសលប់នៅទូទាំងស្រុកបាទី ហើយនៅភូមិត្រពាំងត្រយឹង ទទួលបានសំឡេងឆ្នោតគាំទ្រនេះរហូតដល់ជាង ៩៣ ភាគរយ។ ឯកឧត្តម បានរំលេចឡើងថា អ្វីដែលជាការសងគុណចំពោះលោកតា លោកយាយ បងប្អូន ពូមីង កូនក្មួយ គឺការចូលរួមជួយអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានតែម្តង ។
ឯកឧត្តម បន្តថា ឃុំចំបក់ នឹងទទួលបានផ្លូវបេតុងប្រវែង ១៩គីឡូម៉ែត្រ ក្នុងចំណោមផ្លូវបេតុងសរុបទាំងអស់ ៨៤ខ្សែ ស្មើនឹង ៨៤គីឡូម៉ែត្រ ដែលខ្ញុំនឹងផ្ដល់ជូនសម្រាប់ប្រជាពលរដ្ឋនៅស្រុកបាទី ។
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងពីមោទនភាព និងកិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័ស លើឆាកតំបន់ និងអន្តរជាតិក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។
ឯកឧត្តម ក៏បានជម្រាបជូនពីអនុសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី លើការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ជាពិសេសរៀបចំសាងសង់ មត្តេយ្យសិក្សាសហគមន៍ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលកុមារតូចលើផ្នែកបញ្ញា ស្មារតី និងការសម្របខ្លួនក្នុងសង្គម ដើម្បីឱ្យពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការចូលរៀននៅថ្នាក់បឋមសិក្សា។
ឯកឧត្តម ជា វ៉ាន់ដេត ក៏បានរំលេចឡើងវិញផងដែរអំពីអត្ថប្រយោជន៍ជាច្រើនដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បន្ថែមគោលនយោបាយថ្មីៗបន្តទៅទៀត ពិសេសបានដាក់ចេញ កម្មការិនី ដែលមានកូនតូចៗ អាចយកកូនៗដាក់នៅសាលាមត្តេយ្យ ហើយអាចបន្តបម្រើការងារនិងទទួលបានប្រាក់ចំណូល ។ នេះគឺជាគោលនយោយបាថ្មីមួយដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ជួយដល់បងប្អូនកូនក្មួយ កម្មករ កម្មការនី ក៏ដូចជាការចែករំលែកនូវការលំបាករបស់យាយតា ឪពុកមា្តយ ដែលមើលចៅនៅផ្ទះ ដែលនិងធ្វើឱកូនៗរបស់គាត់អាចសិស្សរៀនសូត្របានកាន់តែប្រសើរឡើង។
ឯកឧត្តម ជា វ៉ាន់ដេត ក៏បានចុះត្រួតពិនិត្យការដ្ឋានកសាងផ្លូវបេតុង ប្រវែង ៣គីឡូម៉ែត្រ ស្ថិតនៅភូមិបចាម ឃុំចំបក់ និងណែនាំក្រុមការងារសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពផ្លូវ សម្រាប់ជាប្រយោជន៍យូរអង្វែងដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋផងដែរ ៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា



