នាយករដ្ឋមន្រ្តីនូវែលសេឡង់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត
វែលីងតោន៖ មេដឹកនាំនូវែលសេឡង់នៅថ្ងៃទី១ ខែតុលានេះ បាននិយាយថា រូបលោកបានឆ្លងជំងឺកូវីដ១៩ ក្រោយពេលធ្វើតេស្តរកឃើញវិជ្ជមានមេរោគនេះ ចំពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់អាណត្តិជាទី២របស់គាត់។
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក គ្រីស ហ៊ីបខីនស៍ បានបញ្ជាក់នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់គាត់ថា បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ លោកនឹងធ្វើចត្តាឡីស័ក (ស្នាក់នៅដាច់ដោយឡែកពីគេ) រយៈពេល ៥ថ្ងៃ ពោលគឺតិចជាងពីរសប្តាហ៍មុនការបោះឆ្នោតសកលរបស់ប្រទេសលោក។ លោក ហ៊ីបខីនស៍ បាននិយាយថា រូបលោកបានចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួនកាលពីថ្ងៃសៅរ៍ ហើយបានសម្រេចចិត្តលុបចោលការចូលរួមកម្មវិធីនានានៅថ្ងៃចុងសប្តាហ៍របស់គាត់។
នាយករដ្ឋមន្រ្តីនូវែលសេឡង់រូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំនឹងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជននូវែលសេឡង់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ហើយខ្ញុំមិនចង់ចម្លងជំងឺនេះទៅនរណាម្នាក់ទៀតទេ ដូច្នេះខ្ញុំនឹងធ្វើតាមការណែនាំ ហើយនៅដាច់ដោយឡែកពីរបីថ្ងៃ ឬរហូតដល់ខ្ញុំទទួលបានលទ្ធផលតេស្តអវិជ្ជមាន។ ខ្ញុំនឹងព្យាយាមរក្សាការចូលរួមយុទ្ធនាការពីចម្ងាយឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ប្រទេសនូវែសេឡង់នឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
